ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ៣ កញ្ញា បានដឹកនាំប្រតិភូក្រសួសុខាភិបាល អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាដែលបានទទួលមរណភាព ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី លោកឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះក្រុមគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាព សម្តេចចៅហ្វាវាំង គឺជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបដែលកន្លងមក សម្តេចតែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី តស៊ូពុះពារគ្រប់ឧបសគ្គ ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លូងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕









