សៀមរាប ៖ ដើមឈើ ប្រភេទដើមក្ងោក និង ដើមជ្រៃកូរ៉េ ចំនួន ៤៥០ដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការ ជឿជាក់លើសិស្សជនបទកម្ពុជា លើគម្រោង( ធី. ដើមឈើសម្រាប់ជីវិត ) ធ្វើការដាំនៅអមសង្ខាង និងទ្រូងផ្លូវ វិថី៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។

ពិធីដាំដើមឈើនេះ ត្រូវបានរៀបចំនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីលោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និង លោកស្រី Oma Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំកម្ពុជា និង ថៃ ព្រមទាំងមានការចូលរួមពីស្ថាបនិកអង្គការ ជឿជាក់លើសិស្សជនបទកម្ពុជា ចៅសង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា ប្រជាការពារ និងប្រជាពលរដ្ឋ ប្រមាណជាង ៣០០នាក់ចូលរួម ។

លោក ឆាយ ដឹប បានបញ្ជាក់ថា គម្រោង (Project T – ដើមឈើសម្រាប់ជីវិត) ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ជាមួយចក្ខុវិស័យ ការចូលរួមបង្កើតបរិស្ថានបរិសុទ្ធប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស និងធម្មជាតិ ដោយដាំដើមឈើ ដែលមានអាយុកាលចន្លោះពី២ ទៅ៣ឆ្នាំនៅតាមដងផ្លូវនានា ក្នុងក្រុងសៀមរាប និងនៅជនបទ ដែលខ្វះខាតដើមឈើ ដើម្បីបង្កើននូវសម្រស់ ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ និងលើកកម្ពស់សោភ័ណភាពក្រុង និងទីជនបទក្នុងខេត្តសៀមរាប។

ចំណែក លោកស្រី Oma Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល បានលើកឡើងថា ទាក់ទងនឹងគម្រោងដាំដើមឈើនេះ លោកជំទាវសែនសប្បាយចិត្ត ដោយសារតែប្រទេសរបស់គាត់ជាប្រទេសបៃតង ហើយគាត់គិតថាក្រុងសៀមរាប គឺជាកន្លែងមួយដែលយើងគួរតែបង្កើតជាទីក្រុងបៃតង។
ជាមួយគ្នានេះ លោកស្រី បានពេញចិត្តជាខ្លាំង ហើយគម្រោងនីមួយៗរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា គឺសុទ្ធតែមាននិរន្តរភាព និងផ្តល់ការអប់រំ មិនត្រឹមតែផ្តល់ការអប់រំ ដល់សិស្សអង្គការនោះទេ ព្រមទាំងផ្តល់ការអប់រំដល់សិស្សដ៏ទៃទៀត នៅតាមសាលាជនបទ ហើយគាត់សប្បាយចិត្តដែលឃើញក្មេងៗ ជំនាន់ក្រោយចូលរួមដាំដើមឈើ ។

លោក អ៉ឹង គឹមលាង បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បានដាំដើមឈើ បានប្រមាណជាង១០ម៉ឺនដើម នៅទូទាំងខេត្ត ដែលធ្វើឲ្យខេត្តសៀមរាប នៅក្នុងរយៈពេល១០ឆ្នាំទៀត អ្វីៗនឹងប្រែប្រួលទាំងអស់ ។ ម៉្យាងទៀតដើមឈើជួយយើងច្រើន ឲ្យមានលំនឹងនៅសីតុណ្ហភាព លំនឹងនៃការប្រែប្រួលអាកាសធាតុ លំនឹងនៃធនធាតុទឹក និងជួយការពារពីខ្យល់កន្រ្តាក់ផងដែរ ។

ជាមួយនេះដែរ លោកអភិបាលរង ខេត្តបានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូត ផងដែរថា គាត់ចូលចិត្តខេត្តសៀមរាប ហើយយើងគួរតែបន្តដាំដើម ឈើថែមទៀត ព្រមទាំងមានកម្មវិធីផ្សេងៗ ជាច្រើនទៀត ដែលយើងនឹងសហការរៀបចំជាមួយ នឹងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងរៀបចំបន្តទៀតផងដែរ ៕

