ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការប្រែប្រួលជាបន្តបន្ទាប់ នៃសណ្ដាប់ធ្នាប់ពិភពលោក បានធ្វើឱ្យប្រទេសមហាអំណាច ប្រជែងឥទ្ធិពលគ្នាយ៉ាងស្រួចស្រាល់ និងបានជះឥទ្ធិពល ដល់ជោគវាសនាប្រទេសតូចធំ នៅក្នុងតំបន់។
ការលើកឡើងរបស់ លោកបណ្ឌិត យង់ ពៅ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ បើកក្នុងវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោក ប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាសុន ឈុំតុង (Jason Chumtong) ប្រធានមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំកម្ពុជា និង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ស្ថានការណ៍សព្វថ្ងៃនេះ ការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងពិភពលោក ដែលប្រទាក់ក្រឡាគ្នា ប្រកបដោយភាពស្មុគស្មាញ បានបន្តជំរុញឱ្យស្ថានភាពបច្ចុប្បន្នមានភាពផុយស្រួយស្រាប់ ឱ្យកាន់តែតានតឹងបន្ថែមទៀត។
លោកបណ្ឌិត គូសបញ្ជាក់ថា «ទន្ទឹមគ្នានេះ ការប្រែប្រួល ជាបន្តបន្ទាប់នៃសណ្ដាប់ធ្នាប់ពិភពលោក បានធ្វើឱ្យប្រទេសមហាអំណាច ប្រជែងឥទ្ធិពលគ្នាយ៉ាងស្រួចស្រាល់ និង បានជះឥទ្ធិពល ដល់ជោគវាសនាប្រទេសតូចធំ នៅក្នុងតំបន់ក៏អាចក្លាយជាមូលហេតុជំរុញ ឱ្យប្រទេសនានាធ្វើកិច្ចសហប្រតិបត្តិការ គ្នានិងសាមគ្គីគ្នាហើយក៏អាចបែកបាក់ សាមគ្គីគ្នាដែរ ដោយសារតែការប្រកាន់ ជំហរការទូតផ្សេងៗគ្នាតាមទំនោរ របស់មហាអំណាច» ។
លោកបណ្ឌិត បន្ដថា លើសពីនេះទៀត ឥទ្ធិពលមហាអំណាច ការប្រជែងរវាងមហាអំណាច ការតស៊ូរវាងនិន្នាការនៃពហុប៉ូលសកលភាវូបនីយកម្ម និងការគាំពារនិយមរបស់ប្រទេស មហាអំណាច ដើម្បីទទួលបាន ផលប្រយោជន៍ បានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោក នៅពេលបច្ចុប្បន្ននិងអនាគត កាន់តែស្មុគស្មាញ និងពិបាកក្នុងការ វាយតម្លៃឬដោះស្រាយ»។
នាឱកាសនោះដែរ លោកបណ្ឌិត យង់ ពៅ សង្ឃឹមថា អង្គពិធីនាថ្ងៃនេះ នឹង ប្រព្រឹត្តទៅបានល្អប្រសើរ និងមានការពិភាក្សាយ៉ាងផុលផុស ដោយផលិតបាននូវធាតុចូលថ្មីៗ និងសំខាន់ៗ ដើម្បីរួមចំណែកកសាងសន្តិភាព បង្កើនកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ដើម្បីលើកស្ទួយគុណតម្លៃមនុស្សជាតិ និងបង្កើនសុខដុមនីកម្មពិភពលោក ៕