ភ្នំពេញ៖ គេសង្កេតឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក(Facebook) តេឡេក្រាម (Telegram) តិចតុក (TikTok) ជាច្រើន បានប្រើនិងយកឈ្មោះសម្តេចព្រះមហាអរិយវង្សបណ្ឌិតយ៉ន សេងយៀត ដើម្បីបង្កើតជាក្រុមនិងបង្ហោះសកម្មភាពផ្សេងៗរបស់ សម្តេច។ ជុំវិញការយកឈ្មោះ ឬបង្កើតក្រុមមានប្រើឈ្មោះសម្តេចនេះ គឺអាចបង្កផលប៉ះពាល់ដល់កិត្តិនាមសម្តេច ក្នុងករណីបុគ្គលនោះ ឬក្រុមនោះបង្ហោះអត្ថន័យផ្សេងៗ ដែលអវិជ្ជមាននិងអាចជាហេតុបណ្តាលឱ្យមហាជនមានការភាន់ប្រឡំ ហើយសម្តេចបណ្ឌិត យ៉ន សេងយៀត បដិសេធមិនទទួលស្គាល់នោះឡើយ។
បើយោងអ្នកជំនាញផ្នែកបច្ចេកទេសព័ត៌មានវិទ្យា(IT)នៃសារព័ត៌មានពុទ្ធសាសនា Buddhist Cambodia News បានស្រាវជ្រាវរកឃើញថា អ្នកបង្កើតក្រុម (Group)នោះទេ មានពីរក្រុម។ ១ក្រុម ជាព្រះសង្ឃដែលធ្វើការលើបណ្តាញសង្គមដើម្បីរកបច្ច័យ និងមួយក្រុមទៀតជាក្រហស្ថដែលរកលុយតាមអនឡាញ MMO (Making Money Online)។ ជាទូទៅក្រុមនេះ តែងតែកាត់តវីដេអូនៃកិច្ចសម្ភាស និងសេចក្តីថ្លែងសុន្ទរកថាផ្សេងៗដោយមិនមានការអនុញ្ញា និងមិនបានស្នើសុំសម្ភាសនោះទេ។ ហើយការកាត់វីឌីអូ និងកិច្ចសម្ភាសភាគច្រើនបានបាត់ខ្លឹមសារដើមរបស់សម្តេច។
សូមបញ្ជាក់ជូនប្រជាពុទ្ធបរិស័ទ្ធនិងមហាជនឱ្យបានជ្រាបថា សម្តេចបានមិនបានបង្កើតក្រុមផ្សេងៗលើបណ្តាញទំនាក់ទំងសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងតិចតុក (TikTok) នោះឡើយ។ ម្ល៉ោះហើយរាល់ការបង្ហោះវីដេអូ និងរូបភាពផ្សេងៗក្រុមទាំងនោះ សម្តេចសូមបដិសេធមិនទទួលស្គាល់នោះឡើយ៕


