ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ ការផ្ដល់ដំណោះស្រាយបានទាន់ពេលវេលា បង្កើនភាពទាក់ទាញវិនិយោគិនថ្មីៗ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័ស បានទាន់ពេលវលា នឹងបង្កើនទំនុកចិត្តដល់វិនិយោគិនដែលបានបណ្តាក់ទុននៅកម្ពុជា ហើយបង្កើនភាពទាក់ទាញ ដល់វិនិយោគិនថ្មីៗបន្ថែមទៀត។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 28th Cambodia-Japan Joint Committee Meeting) រួមជាមួយ លោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលស្ថាប័នឯកជនបានស្នើឡើងឱ្យបានទាន់ពេលវេលា និងសម្រេចឱ្យបាននូវដំណោះស្រាយជាអតិបរិមាជូនដល់វិនិយោគិន ឱ្យបានមុនកិច្ចប្រជុំបន្ទាប់ នៅក្នុងរយៈពេល ៦ខែខាងមុខ។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «អាស្រ័យហេតុថា ការផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័ស បានទាន់ពេលវលា នឹងបង្កើនទំនុកចិត្តជូនដល់វិនិយោគិន ដែលបានបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញដល់វិនិយោគិនថ្មីៗ ហើយការផ្សព្វផ្សាយអំពីផលវិជ្ជមាន របស់វិនិយោគិនកំពុងវិនិយោគនៅកម្ពុជានេះទៀតសោត គឺជាសក្ខីកម្មដ៏មានប្រសិទ្ធភាព ក្នុងការទាក់ទាញវិនិយោគិនថ្មីៗ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត» ។

មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្ដាប់យ៉ាងយកចិត្តទុកដាក់ និងចូលរួមដោះស្រាយនូវកង្វល់នានារបស់វិនិយោគិន ដែលបានលើកឡើងដោយវិនិយោគិនជប៉ុន ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះរវាងកម្ពុជា និងជប៉ុនកន្លងមក រហូតបានធ្វើឱ្យវេទិកាកិច្ចប្រជុំនេះ ក្លាយជាយន្តការគម្រូដែលនឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ជាមួយបណ្ដាប្រទេសផ្សេងទៀតផងដែរ។

លោកឯកអគ្គរាជទូត បានលើកឡើងអំពីការមើលឃើញនូវការផ្សព្វផ្សាយយ៉ាងផុសផុលរបស់បណ្ដាញ ផ្សព្វផ្សាយក្នុងប្រទេសជប៉ុនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ជាលទ្ធផលក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលបានរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា-ជប៉ុន ក្រោមអធិបតីភាព សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងបន្ថែមពីនេះ មានដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន របស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ដែលជំរុញទឹកចិត្តឱ្យរដ្ឋាភិបាលជប៉ុនចូលរួមផ្សព្វផ្សាយអំពីការវិនិយោគនៅកម្ពុជា។

សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា៕

To Top