ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានស្នើរដ្ឋសភា ផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់ចំពោះអ្នកមានសញ្ជាតិពីរ មិនឱ្យធ្វើនយោបាយ ដើម្បីចូលរួមចំណែកជំរុញមនសិកាជាតិ និងស្មារតីស្នេហាជាតិពិតប្រាកដ។
ថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា មនសិកាស្នេហាជាតិ ជាតិនិយម និងការឯកភាពជាតិ គឺជាមូលដ្ឋានសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកបណ្ឌិត បន្ដថា ដោយបានភ្ជាប់ជាមួយឧទាហរណ៍ជាបទពិសោធ នៃការអភិវឌ្ឍរបស់ប្រទេសរីកចម្រើននៅក្នុងតំបន់ ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ដែលប្រជាពលរដ្ឋនៃប្រទេសទាំងពីរ បានចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដោយឈរនៅលើមូលដ្ឋានមនសិកាស្នេហាជាតិ និងជាតិនិយមពិតប្រាកដ។

លោកបណ្ឌិត បានបញ្ជាក់ថា មនសិកាស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍមាតុភូមិរបស់ខ្លួន ព្រោះមានតែឯកភាពជាតិតែប៉ុណ្ណោះ ដែលយើងអាចកសាងប្រទេសជាតិមួយនេះ ឱ្យរីកចម្រើនដូចបណ្ដាប្រទេសនានានៅក្នុងតំបន់។
មិនត្រឹមតែលើកឡើងអំពី មនសិកាស្នេហាជាតិ និងស្មារតីជាតិនិយម ពីសំណាក់ប្រជាពលរដ្ឋប៉ុណ្ណោះ លោកបណ្ឌិត បានលើកឡើងថា អ្នកនយោបាយគ្រប់និន្នាការ ត្រូវមានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយមនសិកាស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដ ចៀសវាងការប្រើប្រាស់ត្រឹមតែពាក្យខាងលើ ដើម្បីទាក់ទាញការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោកបណ្ឌិត បានស្នើរដ្ឋសភាជាតិកម្ពុជា ផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់ចំពោះអ្នកដែលមានសញ្ជាតិពីរ មិនឱ្យធ្វើនយោបាយ ដើម្បីចូលរួមចំណែកជំរុញមនសិកាជាតិ និងស្មារតីស្នេហាជាតិពិតប្រាកដរបស់អ្នកនយោបាយខ្មែរ។
លោកបណ្ឌិត មានប្រសាសន៍ថា «សុំឱ្យសភារៀបចំទៅ អាអ្នកកាន់សញ្ជាតិពីរ កុំឱ្យមកធ្វើនយោបាយ ធ្វើនយោបាយវាអាលាយស្រុក» ។
លើសពីនេះទៀត លោកបណ្ឌិត សុខ ទូច បានសង្កត់ធ្ងន់ថា ដើម្បីជំរុញស្មារតីស្នេហាជាតិពិតប្រាកដ គេត្រូវតែគាំទ្រផលិតផលខ្មែរ ទិញផលិតផលខ្មែរ និងជំរុញការដាំដុះ និងផលិតផលនៅក្នុងស្រុក ពុំមែនត្រឹមតែស្នេហាជាតិតែនៅលើបបូរមាត់ប៉ុណ្ណោះទេ៕
