ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញ ទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៤។

ការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង សមាជិក ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈចិន និងដោយទទួល បានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការ សហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន ដោយឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ៕




