ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់សាធារណជន ឲ្យបញ្ជៀសការធ្វើដំណើរ តាមតម្រាយផ្លូវ ដែលត្រូវដង្ហែសព សម្តេចចៅហ្វាវាំង វរភ្លៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។
នាថ្ងៃបូជាស្អែកនេះ នឹងចេញពីគេហដ្ឋានលេខ៨៣ វិថីសុកហុក ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន តាមរុក្ខវិថីសម្តេចប៉ាន ទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេង តាមមហាវិថីព្រះសីហនុ រហូតដល់ស្តុប នាគ បាញ់ទឹក បត់ឆ្វេងតាមមហាវិថីសម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅ ដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំ តាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន ។ នេះយោងតាមសេចក្តីជូនចំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ កញ្ញា។
សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលអនិច្ចកម្ម កាលពីថ្ងៃ២ កញ្ញា ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រុមគ្រួសារសព បានរៀបចំពិធីបុណ្យសពតាមប្រពៃណី ចាប់ពីថ្ងៃ២-៦ កញ្ញា នៅគេហដ្ឋានផ្ទះលេខ៨៣ វិថីសុកហុក (ផ្លូវលេខ១០៧) កែងនឹងវិថីហ្សូសិបទ្រូសទីតូ (ផ្លូវលេខ២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕