ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងផែនការប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ហើយអប់រំ និងដោះលែងវិញចំនួន ៥៧ ខណៈចំនួន ៩នាក់ទៀត ត្រូវបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការ ។
ការលើកឡើង របស់សម្ដេចធិបតី បន្ទាប់ពីក្រុមប្រឆាំងជ្រុល និយមនៅក្រៅប្រទេស កំណត់យកថ្ងៃទី១៨ សីហា ដោយចលនា ប្រជាពលរដ្ឋនៅក្នុងស្រុក ធ្វើបាតុ កម្មទាមទារឲ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA) ប៉ុន្តែទីបំផុតក៏បង្វែរ ឲ្យមានការ ប្រមូលផ្ដុំ ធ្វើកុបកម្មផ្ដួលរំលំ រាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។
នាឱកាសអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី ន៊កម្ពុជា នៅព្រឹកថ្ងៃ៥ កញ្ញា សម្ដេចធិបតីបានថ្លែងថា ការអនុវត្តច្បាប់ គឺដើម្បីធានា នូវសិទ្ធិរបស់ប្រជាពលរដ្ឋ មួយចំនួនក្នុងការ បញ្ចេញមតិ តែមិនឲ្យជ្រុលហួសទៅប៉ះពាល់ ទៅដល់សិទ្ធសង្គម និងប្រជាពលរដ្ឋ។
សម្ដេចធិបតី ក៏បានចោទសួរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? ដោយសង្កេតឃើញថា ក្រុមជ្រុលនិយមប្រមូលគ្នា មកភ្នំពេញ ដោយមានភស្តុតាង ច្បាស់លាស់ រួមមាន ដបសាំង ចំពាមកៅស៊ូ គ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹង អាជ្ញាធរ ។ ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាសបដាផ្សេងៗ ដើម្បីឲ្យរាជរដ្ឋាភិបាល ដោះស្រាយនូវរឿង បញ្ហាប្រឈមផ្សេងៗ។
សម្ដេចធិបតី មានប្រសាសន៍ថា «នៅថ្ងៃទី១៨ នេះ ចំនួនអ្នក ដែលឃាត់ខ្លួនមាន ៦៦នាក់ ហើយក្នុងនោះ សមត្ថកិច្ចធ្វើការ ណែនាំ ដោះលែងទៅវិញ ៥៧នាក់ រួចទៅហើយ ព្រោះអ្នកហ្នឹងមកតាមគេ តាមឯង ។ ឥឡូវនៅសល់ ៩នាក់ ដែលត្រូវកសាងនីតិវិធី ទៅតុលាការ ជាមេក្លោងបំផុសបំផុល» ។
សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ពលរដ្ឋមួយចំនួន បានចូលរួមថ្ងៃទី១៨ សីហា តាមក្រុមជ្រុលនិយម នៅក្រៅប្រទេស ហើយក្រុមទាំងនោះ ក៏បានដោះដៃចេញ ៕