ព័ត៌មានជាតិ

ប្រជាពលរដ្ឋ អាជីវករ និងធុរជន សំណូមពរឲ្យរដ្ឋាភិបាល  កសាងផ្លូវ “ក៥” ជាសសៃឈាមដ៏សំខាន់ នៃក្រុងប៉ោយប៉ែត

         ដោយៈ គង់ សូរិយា (CEMEA)

         ភ្នំពេញៈ ជាអតីតផ្លូវកសាងក្នុងជំនាន់ ផ្លូវ“ក៥” បានជាប់ស្លាកស្នាម សម័យសាធារណៈរដ្ឋប្រជាមានិត្យកម្ពុជា ដែលបច្ចុប្ប​ន្នផ្លូវដ៏មានសារៈសំខាន់នេះ បានក្លាយជាផ្នែកដ៏សំខាន់មួយ នៃការលើកកំពស់ជីវភាព និងផ្តល់វិបុលភាពដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។

          ផ្លូវនេះ ស្ថិតនៅស្របជាមួយនឹងខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា ថៃ ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ គិតពីក្រុងប៉ោយប៉ែតទៅកាន់ច្រកអូរនាង ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ប៉ុន្តែគួរឲ្យសោកស្តាយផ្លូវនេះ មិនទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរ​ខេត្ត និងអាជ្ញាធរមូលដ្ឋាននៅឡើយទេ។

          ប្រជាពលរដ្ឋរាប់ពាន់នាក់ រស់នៅតាមបណ្តាភូមិមួយចំនួននៅលើដងផ្លូវ និងផ្លូវបែកខ្នែងដទៃទៀត តែងតែចេញមកធ្វើការ និងប្រកបអាជីវកម្មនៅទីក្រុងប៉ោយប៉ែត ក្នុងតំបន់កាស៊ីណូ និងមួយចំនួនទៀតចេញទៅប្រកបរបរ នៅក្នុងតំបន់ផ្សាររ៉ុងក្លឿ ឬផ្សារថៃ។

          នៅពេលរដូវវស្សាចូលមកដល់ ផ្លូវនេះបែកភក់ និងពិបាកធ្វើដំណើរជាពន់ពេក ដោយដួលម៉ូតូ បង្ករបួសស្នាម និងប្រឡា​ក់សម្លៀកបំពាក់យ៉ាងគួរឲ្យអាណិត។

          ប្រជាពលរដ្ឋ និងអាជីវករ អ្នកជំនួញនានានៅទីក្រុងប៉ោយប៉ែតបានសំណូមពរដល់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យជួយគិតគួរពីការសាងសង់ផ្លូវ “ក៥” ជាប់ព្រំដែនខ្មែរ ថៃនេះផង ស្របពេលដែលសម្តេចនិងសម្តេចតេជោ ត្រូវបានប្រជាពលរដ្ឋ គាំទ្រយ៉ាងភ្លូកទឹកភ្លូកដី លើការចូលរួមបដិភាគថវិកា កសាងហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់CLVនាភូមិភាគឦសាន្ត។

          អ្នកជំនួញនៅតំបន់នោះបានបន្តថា “ផ្លូវដែលបានកសាងផ្នែកខ្លះបច្ចុប្បន្នជាបេតុង និងផ្លូវកៅស៊ូ ជាការចូលរួមរបស់អ្នកធ្វើអាជីវកម្មកាស៊ីណូនៅទីក្រុងនេះ”។ ក្រុមអ្នកជំនួញដដែលបានបន្តថា អភិបាលក្រុងប៉ោយប៉ែត លោកគាត ហ៊ុល មិនមានសមត្ថភាព ទទួលជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្តល់កញ្ចប់ជំនួយ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ឋ នៅទីក្រុងនេះនោះទេ”។

          ប្រជាពលរដ្ឋ អ្នកជំនួញ ម្ចាស់អាជីវកម្មនានាបានលើកឡើងថា ការកសាងផ្លូវ “ក៥”នឹងផ្តល់សារៈប្រយោជន៍ជាច្រើនដូចជា ទី១ ជួយសម្រួលគមនាគមន៍ក្នុងតំបន់ ទី២ ជាការយកបេះដូងប្រជាពលរដ្ឋ របស់រដ្ឋាភិបាលបានយ៉ាងជោគជ័យ ទី៣ លើកកំពស់មុខមាត់ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ​មកវិនិយោគនៅក្រុងប៉ោយប៉ែតបន្ថែម។

ទី៥ ការជាជួយការពារដែនអធិបតេយ្យភាព បូរណៈភាពទឹកដីកម្ពុជា ជាមួយប្រទេសថៃបានដោយស្វ័យប្រវត្តិ ព្រោះនៅពេលមានផ្លូវ នឹងមានក្តីសង្ឃឹម នឹងមានប្រជាពលរដ្ឋ ចូលទៅរស់នៅ តំបន់ព្រំដែនជាប់ទឹកដីប្រទេសថៃកាន់តែច្រើន។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) លោកយិន លាងគង់ ដែលបានចុះសិសក្សាស្វែងយល់ពីសក្តានុពល និងបញ្ហាប្រឈមរបស់ក្រុងប៉ោយប៉ែតកាពីពេលថ្មីៗនេះបានឲ្យដឹងថា វាមានភាពសមស្របណាស់ ដែល  រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់CLV ក៏ដូចជា គួរដល់ពេលសម្លឹងមើលលើបញ្ហានានានៅទូទាំងប្រទេស ដែលប្រមុខរដ្ឋាភិបាលកម្ពុជាគួរគិតគូរបន្ទាន់ និងផ្តល់អាទិភាព។

លោក យិន លាងគង់ ប្រធានCEMEA

លោកបន្តថា “ផ្លូវ “ក៥” នៃក្រុងប៉ោយប៉ែត មានសារៈសំខាន់ មិនត្រឹមតែជួយលើកកំពស់សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគនោះទេ តែវាក៏រួមចំណែកដល់ការការពារដែនអធិបតេ​យ្យភាព បូរណៈភាពកម្ពុជា ជាមួយប្រទេសថៃផងដែរ”។

លោក យិន លាងគង់បានបន្តថា ទីក្រុងប៉ោយប៉ែតមានឱកាសរីកចម្រើនច្រើន ដោយសារជាខេត្តមានព្រំដែន ជាប់ជាមួ​យប្រទេ​សថៃ មានកាស៊ីណូច្រើន មានតំបន់ឧស្សាហកម្ម ដែលទាក់ទាញអ្នកវិ​និយោគបរទេសកើនឡើង តាមរយៈគោលនយោបាយថៃបូកមួយ ព្រមទាំងលក្ខខ័ណ្ឌអំណោយផលលើវិស័យហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតផងដែរ៕

To Top