ព័ត៌មានជាតិ

សម្តេចធិបតី ហួសចិត្ត ក្រុមប្រឆាំងចង់ឲ្យសេដ្ឋកិច្ចធ្លាក់ ចុះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការហួសចិត្ត ទៅលើការលើកឡើង របស់មេក្រុមបាតុកម្ម ១៨សីហា ដែលជំរុញឲ្យប្រជាពលរដ្ឋចូលរួមធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ដើម្បីឲកយរាជរដ្ឋាភិបាលដួលរលំ ដោយអះអាងថា មិនប៉ះពាល់ដល់ជីវភាព រស់នៅរបស់ពលរដ្ឋទូទៅ ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ ១៨សីហា ដែលជាផែនការប្រមូល ផ្តុំធ្វើបាតុកម្មចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបាន បរាជ័យទាំងស្រុង ។ ក្រោមរូបភាពប្រឆាំងនឹង កិច្ចសហប្រតិបត្តិការ អភវិឌ្ឍតំបន់ត្រីកោណ CLV ដោយចង់ឲ្យពលរដ្ឋរួមគ្នា ដុតកំដៅឲ្យមានភាពវឹកវរ ចលាចលសង្គម ក្នុងគោលបំណងឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ។

បន្ទាប់ពីបានស្តាប់លឺសារ របស់ក្រុមប្រឆាំង សម្តេចធិបតី ពិតជាមានការហួសចិត្ត នឹងគំនិតខាងលើ ហើយបានផ្ញើសារក្រើន រំលឹកដល់សាធារណជន ជាពិសេសអ្នក ដែលចង់ផ្តួល រំលំរដ្ឋាភិបាល ត្រូវយល់ពីចេតនាពិតប្រាកដ របស់ក្រុមប្រឆាំ ជ្រុលនិយមពីខាងក្រៅប្រទេស ដែលតែងតែញុះញង់ឲ្យខ្មែរបែកបាក់ បង្កទៅជាសង្គ្រាមស៊ីវិលម្តងហើយម្តងទៀត ។ ក្នុងន័យនេះ សម្តេចធិបតី ចង់សង្កត់ធ្ងន់ថា ឲ្យតែក្រុមជ្រុលនិយមមួយក្តាប់តូចសម្រេចនូវអ្វីដែលក្រុមនោះចង់បាន ក្រុមទាំងនោះ មិនខ្វល់ ពីបញ្ហាសុខទុក្ខប្រជាពលរដ្ឋទូទាំង ប្រទេសឡើយ ។ ជាក់ស្តែងការសម្តែងថា ធ្វើឲ្យសេដ្ឋកិច្ចជាតិ ដាំក្បាលចុះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនេះ គឺជាគំនិត ដ៏អាក្រក់មួយ ដែលចង់ឃើញខ្មែរទាំងអស់ ជួបទុក្ខលំបាក ខណៈរាជរដ្ឋាភិបាល ក្នុងរយៈពេល៤០ឆ្នាំមកនេះ ខិតខំស្តារសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន ឥតស្រាកស្រាំ ។ នេះជាការថ្លែងរបស់សម្តេចធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាថ្ងៃទី៥ កញ្ញា ។

សម្តេចធិបតីមានប្រសាសន៍បន្តថា “យើងគ្មានជម្រើសអ្វី ក្រៅពីការមិនឲ្យផែនការ បែបនេះជោគជ័យនោះទេ នេះហើយបានជា ការអនុវត្តច្បាប់របស់យើង។ ប្រជាពលរដ្ឋ អ្នកដែលមិនគាំទ្រគម្រោង CLV DTA នេះ ក៏ច្រើនណាស់ ដែលគាត់មិនគាំទ្រទៅដល់ការ ដុតប្រទេសខ្លួនឯង ដើម្បីសម្រេចគោលបំណងបែប នេះនោះទេ ព្រោះវាប៉ះពាល់ទៅដល់ សិទ្ធិប្រជាពលរដ្ឋ ដែលត្រូវការរស់នៅ ត្រូវការសេចក្តីសុខ ប្រកបរបរប្រចាំថ្ងៃ សេដ្ឋកិច្ច មិនស្រួល ប៉ុន្តែគេអត់ឲ្យសេដ្ឋកិច្ចដាំ ក្បាលចុះនោះទេ ។ ដូចគាត់នេះ គាត់អាងគាត់ យកគ្រួសារទៅនៅជប៉ុន គាត់បបួលខ្មែរ ធ្វើយ៉ាងណាដុតរហូត ទៅឲ្យផ្ទះយើងឆេះឲ្យខ្ទេចទៅ”។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “កុំប្រើវិធីសាស្ត្រជ្រុលនិយមដុតប្រទេសឲ្យសេដ្ឋកិច្ចដាំក្បាលចុះ អ្នកខ្លះគេស្រែកចឹង សារមិញនេះ ខ្ញុំកោតនិយាយកើត និស្សិតរៀននៅជប៉ុន នៅពេល ដែលគាត់ចង់ឈ្នះ ចង់ស្ងោពងមាន់ គាត់សុខចិត្តដុតផ្ទះ គាត់ចោល ហើយផ្ទះហ្នឹងពីណានៅ? ពងមាន់គាត់ហូបម្នាក់ឯង តែដុតផ្ទះនេះមួយគ្រួសារនៅ ឲ្យសេដ្ឋកិច្ចដាំក្បាលចុះ ដើម្បីឲ្យរដ្ឋាភិបាលធ្លាក់ បងប្អូនអត់ខ្វះអីហូបទេ បងប្អូនមានអង្ករ ហើយមានបន្លែជុំវិញផ្ទះហើយ មិនបាច់ហូបសាច់អី ទៀតទេ” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានក្រើនរលឹកជាថ្មី ចំពោះអ្នកបញ្ចេញមតិ អំពីកង្វល់រឿងCLVថា មិនមានការហាមឃាត់ឡើយ ប៉ុន្តែត្រូវកំណត់ព្រំដែនឲកយច្បាស់លាស់ កុំធ្វើអ្វីដែលហួសដែនកំណត់ ៕

To Top