ភ្នំពេញ៖ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) បានបង្ហាញពីបំណងលើគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេសនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន EnergyChina YNPD ដែលជាក្រុមហ៊ុនចិន បង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែក ថាមពលអគ្គិសនី។

លោក Lu Wei បានបង្ហាញពីគោលបំណងបែបនេះ ក្នុងពេលចូលជួបពិភាក្សា ការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤។

នាឱកាសនោះ លោក Lu Wei បញ្ជាក់ថា គម្រោងតំបន់ថាមពលពិសេសនេះ នឹងមានរៀបចំផលិត ថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យ, Biomass, ថាមពលដើរដោយខ្យល់ (Wind Power) និងប្រពន្ធផ្ទុកថាមពល (Energy Storage) ផងដែរ។

ជាមួយគ្នានោះ លោក ជា វុទ្ធី បានសម្តែងនូវការគាំទ្រ ដល់គម្រោងវិនិយោគ របស់ក្រុមហ៊ុន និងបានស្នើឱ្យ ក្រុមហ៊ុនធ្វើការពិភាក្សាលម្អិត ជាមួយក្រសួងរ៉ែ និងថាមពល ជាមុនសិន មុននឹងដាក់ពាក្យស្នើសុំវិនិយោគនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។


សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ លោកអគ្គលេខាធិការ ជា វុទ្ធី បានទទួលជួប គណៈប្រតិភូ ក្រុមហ៊ុន AIAI នេះម្តងរួចមកហើយ ដែលពេលនោះ ក្រុមហ៊ុនបានស្នើសុំជួបពិភាក្សា ក៍ដូចស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគ នោះគ្រោងនឹង ផ្ដោតលើសកម្មភាពបឋមចំនួន៣ គឺ ទី១-ការវិនិយោគថាមពល កកើតឡើងវិញ ដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម៕
