ព័ត៌មានជាតិ

សម្តេចធិបតី ៖ មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន មិនមែនរដ្ឋាភិបាលអត់លុយទេ តែចង់ឲ្យពលរដ្ឋផ្សារ ភ្ជាប់ក្នុងការកសាង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិកកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន មិនមែនមានន័យថា រដ្ឋាភិបាល អស់ថវិកា ក្នុងការកសាង ដូចអ្វីដែលក្រុមប្រឆាំងជ្រុល និយមមួយចំនួនលើកឡើងនោះទេ ផ្ទុយទៅវិញរាជរដ្ឋាភិបាល ធ្វើដើម្បីឲ្យប្រជាពលរដ្ឋបានផ្សារ ភ្ជាប់ជាមួយនឹងការចូលរួម លើការកសាងប្រទេសជាតិ ដែលបង្ហាញពីសមានចិត្ត ជាស្មារតីរួមគ្នា ។

តាមការបញ្ជាក់របស់សម្តេចធិបតី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែននេះ ​បង្កើតឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ ជាច្រើន បានសំណូមពរមកកាន់សម្តេចធិបតី ដើម្បីឲ្យខ្លួនមានឱកាសចូល រួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង ប្រទេសជាតិ ជាពិសេសអាចយកថវិកាទាំងនេះ ដើម្បីអភវិឌ្ឍន៍តំបន់ដាច់ស្រយ៉ាល់ ជាប់ព្រំដែន ជាពិសេសខេត្តទាំង៤ ក្នុងគម្រោង CLV DTA តែម្តង ។

ថ្លែងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នាថ្ងៃទី៥ ខែកញ្ញានេះ សម្តេចធិបតីមានប្រសាសន៍ថា “ការចូលរួមមិនកំណត់ រឿងថវិកាត្រូវតែធំនោះទេ បងប្អូនចូលរួមដោយស្ម័គ្រចិត្ត ១០០រៀល កម្មករ អ្នករត់ Pass up ១០០រៀល ដើម្បីភ្ជាប់និស្ស័យ ក្នុងការចូលរួមកសាងរបស់គាត់ គោលបំណងនៃការរៀបចំ មូលនិធិនេះឡើង អ្នកខ្លះគេថា មិច​រដ្ឋខ្វះលុយធ្វើមែន? រដ្ឋអស់រលីងហើយឬយ៉ាងម៉េច? អត់ទេ” ។

ជាមួយគ្នានេះ ឆ្លើយតបនឹងមតិមួយ ចំនួន ជុំវិញថា បើរដ្ឋមានថវិកាគ្រប់គ្រាន់ហើយនោះ ម្តេចនៅបង្កើតមូលនិធិរៃអង្គាស ថវិកាដើម្បីអ្វីទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ដើម្បីឲ្យប្រជាជនបានផ្សារភ្ជាប់តែម្តង ជាមួយនឹងការចូលរួម” ។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “រឿងទឹកចិត្តធំណាស់ ហើយរឿងនៃការភ្ជាប់សមានចិត្ត ជាមួយនឹងការការពារទឹកដី តាមរយៈមិនត្រឹមតែបញ្ចេញកង្វល់ ប៉ុន្តែធ្វើសកម្មភាពជាក់ស្តែង ដើម្បីចូលរួមកសាង ។ នេះគឺជាអ្វីដែលយើងជាស្មារតីរួមគ្នា មិនមែនចូលរួមគ្នាស្រលាញ់ជាតិ ដើម្បីនាំគ្នាធ្វើម៉េចឲ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ យកឈ្នះរដ្ឋាភិបាលរលំនោះទេ ប៉ុន្តែរួមគ្នា ដើម្បីការកសាង ការពារប្រទេសជាតិយើង ហើយ ក្នុងលទ្ធភាពមួយ តាមរយៈការចូលរួមគឺបង្ហាញសមានចិត្ត មិនថា ១០០រៀល ឬជាង១លានដុល្លារនោះទេ តម្លៃស្មើគ្នា លទ្ធភាពខុសគ្នា ប៉ុន្តែទឹកចិត្តនៃការស្រលាញ់ជាតិ គឺស្មើគ្នា ហើយនេះហើយ បានខ្ញុំសូមអរគុណណាស់ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួម”។

សូមបញ្ចាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើត មូលនិធិ​ កាលពីថ្ងៃទី២២ ខែសីហា ដោយគិតមកដល់ ថ្ងៃទី៥កញ្ញានេះ តាមអ្វីដែលសម្តេចលើកឡើង ​មានប្រជាពលរដ្ឋប្រមាណជាង៤០ម៉ឺននាក់ បានចូលរួមបរិច្ចាគ ខណៈថវិកាទទួលបានជាង ១៩លានដុល្លារ ហើយនឹងមានជាបន្តបន្ទាប់ទៀត ៕

To Top