ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជុំវិញការកំណត់ផែនទីថា ការ បោះបង្គោលព្រំដែន ត្រូវផ្អែកទៅលើមូលដ្ឋានប្លង់រឹង គឺផែនទីបោន ដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលភាគីទាំងអស់ ឯកភាព (ផែនទីបោន ខ្នាត១/១០០ ០០០) មិនមែនផែនទី Google ផែនទី Jica ឬផែនទីអាមេរិកនោះទេ ។
ការលើងឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះការចែករំលែក វីដេអូ និងរូបភាព លើបណ្តាញសង្គមនានាដែលជាល្បិចកលថ្មីរបស់ក្រុមជ្រុលនិយម ដែលបានញុះញង់ឲ្យខ្មែរមួយចំនួន ច្រឡំថា ព្រំដែនកម្ពុជាមើលតាម Google Map ឃើញាថា កាន់តែតូចទៅៗ ដែលមានន័យថាកម្ពុជា កាន់តែបាត់បង់ទឹកដី ។ បើទោះជាយ៉ាងណាក៏ដោយ ការចែករំលែក និងលើកយកបញ្ហា Google Map យកមកវាយប្រហាររាជរដ្ឋាភិបាលថ្មីៗនេះ ក៏ត្រូវបានក្រុមអ្នកជំនាញ បានធ្វើការពន្យល់ និង បកស្រាយជាច្រើនអ្នក ហើយថា Google Map ជាការដៅសញ្ញា តាមបច្ចេកទេស នៃបច្ចេកវិទ្យានា ពេលបច្ចុប្បន្ន ដោយអាចដៅគោល ដៅត្រង់ណា ចំណុចណាក៏បាន អាស្រ័យលើអ្នកប្រើប្រាស់ ហើយមិនអាចកំណត់ ជាផ្លូវការបានឡើយ ។
ថ្លែងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នាថ្ងៃទី៥ ខែកញ្ញានេះ សម្តេចធិបតី មានប្រសាសន៍ថា “ដើម្បីធានានូវការការ ពារអធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍនៅទីនោះ មានកិច្ចការសំខាន់ៗ មួយចំនួន ត្រូវធ្វើ ទី១ ការ បោះបង្គោលព្រំដែនកំណត់ឲ្យបានច្បាស់លាស់ ត្រូវបន្តធ្វើឲ្យចប់ ។ ព្រំដែនយើងជាមួយវៀតណាម ជាមួយឡាវ ពីមុនជំនាន់បារាំង យើងមានតែ១២៤បង្គោលទេ បោះពីខេត្តកំពត ទៅដល់ខេត្តកំពង់ចាម ដែលឥឡូវត្បូងឃ្មុំ ព្រំដែនកម្ពុជា ជាមួយកូសាំងស៊ីន ប៉ុន្តែព្រំដែន ពីខេត្តកំពង់ចាម ឡើងទៅដល់កន្ទុយនាគអត់មានទេជាមួយវៀតណាម ផែនទីរដ្ឋបាល ឥឡូវបានយើងត្រូវចរចា ។ ឥឡូវយើងបាន៨៤% នៅខ្វះ១៦% បើសិនជាយើងចង់ឲ្យបាត់កន្លែងហ្នឹង ចាំបាច់ចរចាធ្វើអី ទុក ចោលទៅ បន្តិចម្តងៗ បន្លំទៅឲ្យគេមកនៅទៅ អាហ្នឹង” ។
សម្តេចធិបតី គូសបញ្ជាក់ទៀតថា “ការបោះបង្គោលព្រំដែន រៀបចំឲ្យបាន ផ្អែកទៅលើមូលដ្ឋានប្លង់រឹង របស់យើង គឺផែនទីបោន ដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនដែលភាគីទាំងអស់ឯកភាព (ផែនទីបោន ខ្នាត១/១០០ ០០០) មិនមែនផែនទី Google ផែនទី Jica ឬផែនទីអាមេរិកទេ នៅស្រុកយើងមានប្រើផែនទី២ទៅ៣ឯណោះ ។ ផែនទី Jica ផែនទីអាមេរិកាំង កាលទម្លាក់គ្រាប់បែកអាមេរិក មានផែនទីមួយទៀត យើងអត់ប្រើផែនទី ទាំងអស់នោះទេ គឺយើងយកផែនទី ដែលតម្កល់នៅ អង្គការសហប្រជាជាតិ ផែនទីបោន ដូច២៦សន្លឹក ដែលកន្លងទៅសម្តេចតេជោ ធ្លាប់ឲ្យទៅសុំយកមកផ្ទៀងផ្ទាត់ នៅទីស្តីការជាតម្លាភាព ឲ្យមើលទាំងអស់គ្នា ។ ចឹងយើងយកផែនទីនេះជាគោល ហើយការដោះស្រាយ ដោយទទួលខុសត្រូវ” ។
គួរឲ្យដឹងថា បន្ទាប់ពីផ្ទុះការគាំទ្រ និងមិនគាំទ្រ គម្រោង CLV DTA ឡើងមក ក្រុមអ្នកប្រឆាំងជ្រុលនិយមក្រៅស្រុក បានឆក់យកឱកាសនេះ ដើម្បីភូតកុហកប្រជាពលរដ្ឋ តាមគ្រប់រូបភាព ធ្វើយ៉ាងណា ឲ្យពលរដ្ឋមិនពេញចិត្ត នឹងរាជរដ្ឋាភិបាល តាមរយៈព្រឹត្តិការណ៍ផ្សេងៗគ្នាជាបន្តបន្ទាប់ ដូចជាការប្រឆាំងគម្រោង សេដ្ឋកិច្ចផ្លូវទឹករបស់កម្ពុជា ព្រែកជីកហ្វូណនតេជោ, ការញុះញង់ឲ្យពលរដ្ឋប្រមូលផ្តុំបាតុកម្មប្រឆាំងដោយហិង្សា ទម្លាក់រដ្ឋាភិបាលស្របច្បាប់៕