ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា មេធាវីគ្រប់រូបត្រូវបន្ត ជួយការពារយុត្តិធម៌ នៅក្នុងសង្គម ជាពិសេសបន្តជួយការពារក្តី ដល់ជនក្រីក្រ ដោយមិនយកកម្រៃ និងដោយយកចិត្ត ទុកដាក់ ។

នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ ជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅថ្ងៃទី៥ កញ្ញា សម្តេចធិបតី បានណែនាំដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូបណ្តុះបណ្តាល ប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឲ្យមានលក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

សម្ដេចធិបតីបន្ដថា គណៈមេធាវី ត្រូវបន្តអនុវត្ត គោលនយោបាយ និងបេសកកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារក្តី និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និង កុមារ និងពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ដល់សាធារណជន ព្រមទាំងចូលរួមលើកកម្ពស់ គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់ យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្ត ពីសាធារណជនមកលើវិស័យយុត្តិធម៌។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តក្រសួង យុត្តិធម៌ សហការជាមួយគណៈមេធាវី ដើម្បីពិនិត្យការ ធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះបានអនុវត្តអស់រយៈពេលជិត៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅ នឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងឧត្តមានុវត្ត, ដូចជាការគ្រប់គ្រង ការប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និង របៀបនៃការបោះឆ្នោតជ្រើសរើសប្រធាន និង ក្រុមប្រឹក្សាគណៈមេធាវីជាដើម ។

សម្ដេចធិបតីមានប្រសាសន៍ថា «មេធាវីគ្រប់រូប សូមបន្តជួយការពារ យុត្តិធម៌នៅក្នុងសង្គម ជាពិសេសបន្តជួយការពារក្តី ដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តអាណិត ស្រឡាញ់ដូចសមាជិក គ្រួសាររបស់យើង»។

សម្ដេចធិបតីបន្ដថា ក្នុងនាមជាអ្នកច្បាប់ ត្រូវរួមចំណែក ដល់ការពង្រឹងនិតីរដ្ឋ និងការអនុវត្តច្បាប់ ហើយមេធាវីគ្រប់រូប ត្រូវគោរពច្បាប់ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ ៕
