ព័ត៌មានជាតិ

កម្មករនិយោជិតរោងចក្រ FOREST GARMENT ចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល ព្រោះចង់រួមចំណែកអភិវឌ្ឍន៍ព្រំដែន

ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ FOREST GARMENT នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ បានសម្តែងការរីករាយដោយបានចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះចង់រួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យមានភាពទាក់ទាញ។

កម្មករនិយោជិតក្នុងរោងចក្រ ហ្វរ័រេស ហ្គាមិន (FOREST GARMENT) បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ នេះគឺជាការបង្ហាញទឹកចិត្តស្នេហាជាតិ ការរួបរួមគ្នារបស់ប្រជាជាតិទាំងអស់ក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំគឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែន កម្ពុជាជាមួយនឹងប្រទេសជិតខាង។

អ្នកស្រី ឃុន ដាវី អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រ FOREST GARMENT និយាយថា៖ «ការដែលខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជនមានការងារធ្វើ មានតែការអភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យព្រំដែនយើងរឹងមាំ» ។

ស្រដៀងគ្នានេះអ្នកស្រី ឡុង នីដាវឌ្ឍនា អាយុ៣៨ឆ្នាំ បុគ្គលិករដ្ឋបាលនៃរោងចក្រ FOREST GARMENT ប្រាប់ថា៖ «ខ្ញុំបានចូលរួមថវិកាបន្តិចបន្តួចក្នុងការអភិវឌ្ឍនៅតំបន់ព្រំដែនឱ្យមានសោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរ ចង់ឱ្យតំបន់នោះក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនឡើង ដោយសារទីនោះជាតំបន់ដាច់ស្រយាល ចឹងយើងអាចចូលរួមទាំងអស់គ្នាបាន មិនថាតិចតួចក្តី ច្រើនក្តី តាមស្ថាប័ន ផ្ទាល់ខ្លួន ឬតំបន់ដែលយើងរស់នៅក៏បានដែរ» ។

ជាមួយគ្នានេះ លោក ញ៉ឹប សុខសេន អាយុ២៩ឆ្នាំ និយាយថា៖ «ខ្ញុំស្រលាញ់ប្រទេសជាតិ និងចង់ឱ្យមានការអភិវឌ្ឍតំបន់ព្រំដែន ទើបបានជាខ្ញុំចូលរួមជាមួយរាជរដ្ឋាភិបាលតារយៈមូលនិធិរបស់សម្តេចហ៊ុនម៉ាណែតរឿងព្រំដែន។ ធម្មតាកាលណាតំបន់ហ្នឹងអភិវឌ្ឍន៍ខ្ញុំជឿថា ភ្ញៀវទេសចរក៏ទៅលេងច្រើន វិនិយោគក៏មាន ការងារក៏សម្បូរ» ។

រីឯអ្នកស្រី ធឿន បូតី អាយុ ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ FOREST GARMENT ម្នាក់ទៀតលើកឡើងថា៖ «នាងខ្ញុំស្ម័គ្រចិត្តចូលរួមមូលនិធិនេះ គឺចង់ឱ្យមានការអភិវឌ្ឍហើយងាយស្រួលទៅលេងនៅតំបន់ហ្នឹង ចង់ឱ្យមានភ្ញៀវទេសចរទៅលេងច្រើន ព្រោះមានតែការអភិវឌ្ឍតំបន់ព្រំដែនទេ ដែលធ្វើឱ្យព្រំដែនប្រទេសយើងរឹងមាំ» ។

ជាមួយគ្នានេះ កម្មករនិយោជិតនៅរោងចក្រ FOREST GARMENT បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ មិនថាក្នុងស្រុក ឬក្រៅប្រទេសទេ បើពិតជាស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យប្រទេសជាតិរីកចម្រើនជឿនលឿនបានកាន់តែឆាប់រហ័ស គួរតែចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ឱ្យបានគ្រប់ៗគ្នា៕

To Top