កំពង់ស្ពឺ៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយបានបញ្ជាក់ថា ពិតជាមានការចាក់ដីចូលស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ធ្វើឱ្យតួស្ទឹងរួមតូចប្រាកដមែន។
លោកអ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹកបានអះអាងបែបនេះកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកបានចុះទៅពិនិត្យនូវទីតាំងចាក់ដីរំលោភចូលដីចំណីសណ្តដងស្ទឹងព្រែកត្នោត ក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកបានបន្តទៀតថាលោកនឹងស្នើឱ្យអភិបាលកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត ជួយចាត់វិធានការតាមច្បាប់ និងដកយកដីនេះមកជាទ្រព្យសម្បិត្តសាធារណៈរបស់រដ្ឋវិញ។
សូមរំលឹកថា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ កាលពីថ្ងៃទី៣០ ខែសីហា កន្លងមកនេះ បានឯកភាពគ្នាលើកសំណើសុំគោលការណ៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តវិធានច្បាប់រុះរើសំណង់ និងកាយដី ដែលបានចាក់រំលោភចូលក្នុងស្ទឹងចេញវិញ ដោយរក្សាស្ថានភាពស្ទឹងដូចដើមវិញ។ ចំណែកដីចំណី ៣០ម៉ែត្រ និងដីរដ្ឋដែលនៅសេសសល់ រួមទាំងសំណង់មួយចំនួន ត្រូវរឹបអូសមកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ជំពោះបញ្ហាខាងលើនេះ លោកញ៉ាញ់ ជាបហ៊ងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានឲ្យដឹងថានៅរសៀលថ្ងៃទី៥ នេះនៅបន្តនិតិវិធីចាំគោលការអភិបាលសម្រេចសិន៕
ដោយ៖ សុខ សុភ័ណ្ឌ រូបថតមន្ទីរធនធានទឹក