ព័ត៌មានជាតិ

កាហ្សាក់ស្ថាន គ្រោងតភ្ជាប់ជើងហោះហើរត្រង់ មកក្រុងព្រះសីហនុ

ភ្នំពេញ៖ កាហ្សាក់ស្ថាន ដែលជាប្រទេសមួយ ត្រូវបានមហាអំណាចចិន ជ្រើសរើសជាទីតាំងប្រកាសជាផ្លូវការនូវយុទ្ធសាស្រ្ត “ផ្លូវសូត្រថ្មី” កាលពីឆ្នាំ២០១៣ បានបង្ហើបឱ្យដឹងថា ខ្លួនមានគម្រោងតភ្ជាប់ជើងហោះហើរត្រង់ រវាងកាហ្សាក់ស្ថាននិងក្រុងព្រះសីហនុ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។នេះបើតាមការបញ្ជាក់ពី លោក ណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុង​ជំនួប​ជាមួយ​សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ណាត់ ទូមិសហ្ស ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ រវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។

លោកលើកឡើងថា យោងតាមទស្សនវិស័យថ្មី កាហ្សាក់ស្ថាន ចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេហ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។ ក្នុងវិស័យសេដ្ឋកិច្ច លោកទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគី រវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែលោកនឹងខិតខំពង្រីកទំហំពាណិជ្ជកម្ម ឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ពាន់លានដុល្លារអាមេរិក នាថ្ងៃខាងមុខ។

លោកបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន មានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន។

លោក ក៏បានលើកអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជាមួយផ្លូវសូត្រចិន និងច្រករបៀង Caspian (Caspian Corridor) ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុប ដោយប្រើរយៈពេលត្រឹម ១៥ថ្ងៃ បើធៀបទៅនឹងការដឹកតាមសមុទ្រ ដែលត្រូវប្រើរយៈពេល ២ ខែ។

ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលលោកអគ្គរដ្ឋទូតបានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការនិងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញ ទំហំពាណិជ្ចកម្មជាដើម។

ក្នុងនោះសម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបន្តពិភាក្សា។ សម្តេចតេជោ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរប់យើងគឺនៅទាបខ្លាំងណាស់ខណៈ សក្តានុពលនៃប្រទេសយើងពីរមានច្រើន។

សម្តេចតេជោ ក៏បានគាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយការហោះហើរត្រង់បីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។

សម្តេចតេជោ មានប្រសាសន៍ថា ប្រជាជនកាហ្សាក់ស្ថាន ក៏ដូចប្រជាជនរុស្ស៊ី គឺចូលចិត្តមកសម្រាករដូវក្តៅនៅអាស៊ី ដើម្បីគេចពីរដូវត្រជាក់ នៅក្នុងប្រទេសរបស់ខ្លួន និងភាគច្រើនគឺចូលចិត្ត ទៅលេងតំបន់សមុទ្រ ហើយកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ជូនតាមតម្រូវការដល់អ្នកទេសចរទាំងនេះ។ ចំពោះការតភ្ជាប់ផ្លូវលឿនលឿនអាស៊ី និងផ្លូវរទេះភ្លើងល្បឿនលឿនអាស៊ី ដែលភ្ជាប់ប្រទេសតំបន់អាស៊ានទៅចិន និងទៅអាស៊ីកណ្តាល ប្រទេសកម្ពុជា នឹងអនុវត្តតាមផែនការអាស៊ាន ស្តីពីការតភ្ជាប់នេះ ដែលច្បាស់ណាស់និងឆ្លងកាត់កាហ្សាក់ស្ថាន ផងដែរ៕

To Top