កណ្ដាល៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការផ្តាំផ្ញើដល់ លោកស្រី ស៊ុ្រន ស្រីនាង អភិបាលរងខេត្តកណ្ដាលទើបចូលកាន់តំណែងថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាតំណាង លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកណ្តាលថ្មី នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលខេត្តកណ្ដាល អភិបាលក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។


លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា លោកស្រី ស៊ុ្រន ស្រីនាង អភិបាលរងខេត្តកណ្ដាលថ្មី ដែលទទួលបានការតែងតាំងនាឱកាសនេះ នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមសាមគ្គីជាធ្លុងមួយ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ក្នុងការបង្កើតស្នាដៃ សមិទ្ធិផលថ្មីៗ ជួយកសាងអភិវឌ្ឍន៏ខេត្ត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។

លោក អ៊ុំ ម៉ារ៉ា មានប្រសាសន៍ផ្តាំផ្ញើដល់ លោកស្រីអភិបាលរងខេត្ត ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។


ថ្លែងក្នុងពិធីនេះ លោក គួច ចំរើន បានលើកទឹកចិត្ត ដល់លោកស្រី ស៊ុ្រន ស្រីនាង ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម ការអភិវឌ្ឍ និងពង្រឹង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕
