ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ទំនេរពីការសិក្សា ដើររកបេះផ្សិត លង់ទឹកស្លាប់ នៅស្រុកស្វាយជ្រំ

ស្វាយរៀង ៖ ក្មេងប្រុសម្នាក់ ដោយសារតែជីវភាពខ្វះខាត បានហែលទឹកប្រឡាយ ឆ្លងទៅបេះផ្សិត អាកាស្យាលក់ ជាអកុសលបានលង់ទឹកស្លាប់ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

លោកសោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបាន ឲ្យដឹងថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយធំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថាមានករណីលង់ទឹកស្លាប់ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញស្រុក សហការជាមួយកំលាំងប៉ុស្ដិ៍ នគរបាលរដ្ឋបាលស្វាយធំ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងបានស្ដាប់បំភ្លឺពី ឈ្មោះរឿង សារុន ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រោកតូច  ឃុំស្វាយធំ   ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវជាអុំជនរងគ្រោះបានឆ្លើយបំភ្លឺថាឈ្មោះឈា ឆៃ ភេទប្រុស អាយុ១៤ ឆ្នាំមុខរបរសិស្ស បានដើរចេញពីផ្ទះទៅបេះផ្សិតតាមភ្លឺប្រឡាយ និងចុះហែលទឹក បណ្ដាលអោយលង់ទឹកស្លាប់តែម្ដង។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបញ្ជាក់ថា មូលហេតុជនរងគ្រោះចុះទឹកហែល ឆ្លងកាត់ ពីច្រាំងម្ខាង ទៅច្រាំងម្ខាងទៀតទៅរកបេះផ្សិត បណ្ដាលអោយលង់ទឹក ស្លាប់តែម្តង។តាមការពិនិត្យរបស់សមត្ថកិច្ចនិងគ្រូពេទ្យព្រមទាំងអាជ្ញាធរភូមិ ឃុំ ឃើញថាសាកសព ឈ្មោះឈា ឆៃ ពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ។

បច្ចុប្បន្ន សមត្ថកិច្ចនឹងអាជ្ញាធរភូមិឃុំ បានប្រគល់សាកសព ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ៕
      

To Top