ភ្នំពេញ ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ បានទទួលគ្រឿង ឥស្សរិយយសសហមេត្រី សម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត ផ្តល់ជូនដោយ លោក បណ្ឌិត តាម៉ាស ស៊ុលីយុក (Tamás SULYOK) ប្រធានាធិបតីនៃប្រទេសហុងគ្រី ក្នុងឱកាសដ៏វិសេស នៃថ្ងៃបុណ្យជាតិ របស់ប្រទេសហុងគ្រី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

លោកបណ្ឌិត Tobor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី ប្រចាំនៅកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) បានលើកឡើងថា គ្រឿងឥស្សរិយយសនេះ ផ្តល់ជូនជនជាតិហុងគ្រី និងជនបរទេស ដែលមានស្នាដៃក្នុងការអភិវឌ្ឍជាតិ និងសកលលោក។

លោក បានបន្ថែមថា លោក សួស យ៉ារ៉ា បានចូលរួមចំណែកនៅក្នុងការពង្រឹងពង្រីក និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ល្អររវាងហុងគ្រី និងកម្ពុជា។
ជាមួយគ្នានោះ លោក សួស យ៉ារ៉ា បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ក្នុងការទទួលស្គាល់ស្នាដៃការងារការទូតកន្លងមករបស់លោក និងគូសបញ្ជាក់ថា ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺលើសពីកិត្តិយសសម្រាប់លោក ប៉ុន្តែជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏រឹងមាំ ស៊ីជម្រៅនៃប្រទេសទាំងពីរ ដែលបានកសាងឡើង ដោយអ្នកដឹកនាំជំនាន់មុន និងបច្ចុប្បន្ន និងឥស្សរជនសំខាន់ៗ។

លោក សួស យ៉ារ៉ា បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ក្នុងការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព និងភាពជាដៃគូជាមួយប្រទេសហុងគ្រី ក្រោមការដឹកនាំ ដ៏ពិសេសរបស់នាយករដ្ឋមន្រ្តី Viktor Orban និងក្រុមការងារ ដែលមានសមត្ថភាព ក្នុងរដ្ឋាភិបាលក្នុងការបម្រើផល ប្រយោជន៍នៃប្រទេសទាំងពីរ ។

លោក សួស យ៉ារ៉ា សង្ឃឹមថា កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ ក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងបច្ចេកវិជ្ជា នឹងអនុវត្តប្រកបដោយប្រសិទ្ធភាព តាមរយៈការងារការទូតសភា៕

