ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយគេហទំព័រ Propertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា ។

ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ កញ្ញានេះ ដោយមានការអញ្ជើញ ចូលរួមពីលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយក គេហទំព័រ Propertyarea.asia លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) និងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមា គមជាច្រើនរូបទៀត ។
លោកយិន លាងគង់ បានមានប្រសាសន៍ថា បន្ទាប់ពីបានដំណើរការកាលពីខែកញ្ញា ឆ្នាំ២០១៧ គេហទំព័ររបស់យើងបានរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអចលនវត្ថុ សេដ្ឋកិច្ច ទេសចរណ៍ ផ្សារហ៊ុន ហិរញ្ញវត្ថុយ៉ាងសកម្ម ដើម្បីចូលរួមជាមួយផ្នែកឯកជននៅក្នុងវិស័យនេះ និងគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីជម្រុញការផ្តល់ទំនុកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ អន្តរជាតិមកវិនិយោគ នៅកម្ពុជា ។

លោកបន្តថា “យើងផ្តោតលើព័ត៌មានវិជ្ជមាន ព្រោះវាជាពន្លឺឬជាប្រទីប ប៉ុន្តែយើងបដិសេធព័ត៌មានអវិជ្ជមាន និងបំពុល ព្រោះវានឹងពុលដល់សង្គម”។ លោកបន្តថា “ក្នុងការឈរជើង រយៈពេល៨ឆ្នាំ ក្នុងសមរភូមិផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ គេហទំព័រនេះបានរួមចំណែក ផ្សព្វផ្សាយ និងធ្វើឲ្យបរិយាកាសវិនិយោគក្នុងវិស័យនេះ ដើរតាមនិន្នាការវិជ្ជមាន” ។
ជាមួយគ្នានេះ លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនេះ ដើម្បីយើងធ្វើការរួមគ្នា ក្នុងការផ្សព្វផ្សាយពីច្បាប់ និងបទដ្ឋានគតិយុត្តិនានា លើការផ្តល់សេវាកម្មរបស់យើង នៅក្នុងវិស័យនេះ។
លោកបន្តថា “ការពង្រឹងច្បាប់ ជាយុទ្ឋសាស្រ្តរបស់យើងមួយនៅក្នុងយុទ្ឋសាស្រ្ត “ព”ទាំងបីរបស់យើង” ។

“ព” ទី១ គឺការពង្រឹងការអនុវត្តន៍ច្បាប់ សម្រាប់ទាំងអស់គ្នា ដើម្បីយើងអាចប្រកួតប្រជែងគ្នាដោយតម្លាភាព និងផ្តោតលើគុណភាពសេវាកម្មជាចម្បង ព្រោះមានតែការគោរពច្បាប់ទេ ទើបយើងអាចជៀសពីបញ្ហាផ្សេងៗ និងអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។
“ព”ទី២ គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់យើង ដោយសមាគមនឹងរៀបចំផ្សព្វផ្សាយ ការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈ ក៏ដូចជាចំណេះដឹងថ្មីៗ ដល់អ្នកនៅក្នុងវិជ្ជាជីវៈរបស់យើង ដើម្បីទទួលបានអាជ្ញាប័ណ្ណវិជ្ជាជីវៈ ពីនិយ័តករអភិវឌ្ឍន៍អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។
“ព”ទី៣ គឺការពង្រឹងការការពារវិជ្ជាជីវៈរបស់យើង អញ្ចឹងការសហការជាមួយគេហទំព័រPropertyarea.asia ដើម្បីឲ្យស្ថាប័នព័ត៌មាន ជួយផ្សព្វផ្សាយឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ គាត់ងាកមកសុំអាជ្ញាប័ណ្ណ ដើម្បីឲ្យការផ្តល់សេវាកម្ម ដល់សាធារណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែមានទំនុកចិត្ត។

លោកសន សៀបបានបន្តថា “ជំនាញនិងវិជ្ជាជីវៈ ប្រៀបដូចជាវេជ្ជបណ្ឌិតចឹង បើគាត់មានជំនាញ និងបទពិសោធន៍តិចតួច យកទៅមើលអ្នកជំងឺ គឺមិនអាចព្យាបាលបាន គឺគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ លោកបន្តថា “បើគាត់គ្មានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ គាត់ត្រូវប្រឈមមុខចំពោះច្បាប់ ព្រោះមិនអាចឲ្យអ្នកដទៃទៀត ខូចឈ្មោះដោយសារគាត់នោះទេ”។

លោកយិន លាងគង់ ដែលជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)ផងដែរនោះ បាននិងកំពុងធ្វើការជាមួយស្ថាប័ន និងអ្នកសារព័ត៌មានសេដ្ឋកិច្ច ដែលមានគុណវុឌ្ឍិជាច្រើន ដើម្បីផ្សព្វផ្សាយ និងគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីផ្តលើទំនុកចិត្ត និងផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចឲ្យបានទូលំទូលាយ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ៕
ដោយៈ ស៊ីវ ម៉េង
