ព័ត៌មានជាតិ

ក្រុមហ៊ុនចិន មានចំណាប់អារម្មណ៍ ចាប់យកឱកាស វិនិយោគវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចាប់យកឱកាសវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ។

ការបង្ហាញចំណាប់អារម្មណ៍ របស់គណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការរង បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្រុមហ៊ុន។ លោកបានឧទ្ទេសនាមដោយសង្ខេបអំពី៖ ស្ថាប័ន ក.អ.ក., ស្ថានភាព ស្ថិរភាពសេដ្ឋកិច្ច-នយោបាយ, កត្តាសុខសន្តិភាព, សក្តានុពលវិនិយោគនៅកម្ពុជា, ទិដ្ឋភាពច្បាប់ ព្រមទាំងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិនិយោគឯកជនផងដែរ។

លោកអគ្គលេខាធិការរង បានអរគុណចំពោះអគ្គនាយកក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគ ផ្នែករោងចក្រផលិតដែក នៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក ហើយបានណែនាំមិត្តភក្តិ ជាអ្នកវិនិយោគិនឲ្យមកបណ្តាក់ទុន វិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

ជាក់ស្តែង ការណែនាំក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុន មានជំនាញក្នុងវិស័យកសិកម្មនេះ ដើម្បីមកពិនិត្យលទ្ធភាព វិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វ នៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់របស់អ្នកវិនិយោគ មកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកអគ្គលេខាធិការរង ក៏បានស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនេះ ដែលជាគម្រោងត្រូវទទួលបានការលើកទឹកចិត្តដោយច្បាប់ និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុនបំពេញបែបបទ និងចាប់ផ្តើមធ្វើការវិនិយោគបានឆាប់រហ័ស។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន SHAN CUN GROUP បានបង្ហាញគោលជំហរជាវិជ្ជមាន ដោយក្រុមហ៊ុនបានបញ្ជាក់ថា នឹងធ្វើការសិក្សាស្វែងរកទីតាំងដែលសមស្របសម្រាប់ការវិនិយោគ និងរៀបចំបែបបទដាក់ពាក្យសុំវិនិយោគ នាពេលឆាប់ៗខាងមុខនេះ ៕

To Top