ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីសុខាភិបាលខេត្ត ពង្រឹងការងារនិងបំពេញបន្ថែម ចន្លោះខ្វះខាត ដើម្បីបង្កើនពិន្ទុ ការពារចំណាត់ថ្នាក់លេខ១

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យមន្ត្រីសុខាភិបាលខេត្ត ពង្រឹងការងារ និងបំពេញបន្ថែមចន្លោះខ្វះខាត ដើម្បីបង្កើនពិន្ទុ រក្សាការពារចំណាត់ថ្នាក់លេខ១ របស់ខ្លួន ដែលធ្លាប់ទទួលបាននាពេលកន្លងមក ។

លោកអភិបាលខេត្ត បានជំរុញដូច្នេះ នៅព្រឹកថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងប្រឡងប្រណាំង សេវាសាធារណៈគំរូឆ្នាំ ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានលើកឡើងថា កាលពីឆ្នាំ ២០១៩ កន្លងទៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ធ្លាប់ទទួលបានជ័យលាភី អង្គភាពផ្តល់សេវា សាធារណៈគំរូ លេខ១ ទូទាំងប្រទេស ។ ដូច្នេះសម្រាប់ឆ្នាំ២០២៤ នេះ ខេត្តកំពង់ចាម បានជ្រើសរើសយកមន្ទីរពេទ្យចំនួន ៤ ដើម្បីចូលរួមប្រលង ប្រណាំងបន្ត ក្នុងនោះមានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែក ស្រុកចំការលើ មន្ទីរពេទ្យបង្អែកស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ។ ហើយក្នុងមន្ទីរពេទ្យបង្អែកទាំងបួននេះ គឺសម្រួចយកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីឈានទៅដណ្ដើមជ័យលាភីលេខ១ ដូចកាលឆ្នាំ ២០១៩។

លោកអភិបាលខេត្ត បានផ្ដល់អនុសាសន៍លើកទឹកចិត្ត ដល់បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ឲ្យខិតខំប្រឹងប្រែងពង្រឹង លើការងារផ្ដល់សេវា និងត្រូវមានឥរិយាបថ ទៅតាមវិជ្ជាជីវៈជាគ្រូពេទ្យ ការគោរពពេលវេលា ក្នុងការអនុវត្តការងារ គោរពក្រមសីលធម៌ជាដើម។ ជាមួយគ្នានេះ ការដោះស្រាយបញ្ហាផ្សេងៗ មានដូចជា ជម្រុញនូវការអភិវឌ្ឍន៍ស្ថាប័ន និងការពង្រឹងសមត្ថភាពមន្ត្រីក្នុងស្ថាប័ន និងការពង្រឹងកិច្ចការងាររដ្ឋបាល ពោលគឺ ការគ្រប់គ្រងទាំងអស់ នៅក្នុងមន្ទីរពេទ្យរបស់យើង ៕

To Top