ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យបែបបទ និងនីតិវិធី នៃការស្នើសុំ និងរាយតម្លៃ ក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។
ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅជំពូកទី៧ បានឱ្យដឹងថា ការបង់វិភាគទានប្រចាំឆ្នាំ គោរមវន្ដ ត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនរាជរដ្ឋាភិបាល ដូចជា ៖ ចំនួន ៤០០ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ ចំពោះលោកអ្នកឧកញ៉ា, ចំនួន ៦០ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ ចំពោះអ្នកឧកញ៉ា, ចំនួន ៣២ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ ចំពោះឧកញ៉ា។
ប្រភព ដដែល បន្ដថា ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាល អាចកំណត់ឡើងវិញនូវទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ ចំពោះ គោរមវន្តទាំងអស់ ផ្នែកតាមលទ្ធផល នៃការពិនិត្យនិងវាយតម្លៃរបស់ គ.ព.ស.ក.។ គោរមវន្ត ដែលទទួលបានគោរមងារឧកញ៉ា តាមលំដាប់ថ្នាក់ណាមួយ ដោយមានស្នាដៃលើរបកគំហើញ នូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ត្រូវបានលើកលែង ចំពោះការបង់វិភាគទានប្រចាំឆ្នាំនេះ។
គោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយ ចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី៕