ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ។
ផ្លូវទាំងពីរខ្សែនោះរួមមាន៖
ខ្សែទី១៖ មានប្រវែង ៦១.២៣ គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ដល់ ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង។ ផ្លូវនេះត្រូវបានស្ថានជាពីរប្រភេទ ក្នុងនោះប្រភេទក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៦០ .៦៥៥ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលប្រវែង ០,៥០ម៉ែត្រ ជាប្រភេទថ្មមិច និងប្រវែង ៥៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវមានប្រវែង ១ម៉ែត្រ ជាប្រភេទថ្មមិច។ ផ្លូវនេះបានស្ថាបនារួចរាល់ ១០០% កាលពី ខែមិថុនា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលថែទាំដើម្បីបញ្ចប់រយៈពេលធានាសុពលភាពរហូតដល់ ខែកក្កដា ឆ្នាំ២០២៥។
ខ្សែទី២៖ ប្រវែង ៣ ៨០០ ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវក្រាលថ្មមិចមានប្រវែង ០,៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវខ្សែទី ១ ត្រង់ចំណុចភូមិដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង បានស្ថាបនារួចរាល់ ១០០% កាលពីដើមឆ្នាំ២០១៤ ។ ការស្ថាបនាផ្លូវទាំងពីរខ្សែនេះ គឺជាកម្មវិធីអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាស៊ីADB) គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ។
សូមបញ្ជាក់ផងដែរថា ផ្លូវទាំងពីរកំណាត់ខាងលើនេះតភ្ជាប់ពីទីរួមស្រុកឆ្លូង ខេត្តក្រចេះ ឆ្ពោះទៅកាន់ ស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់រដូវកាល ក្នុងការទៅទៅទទួលសេវាសាធារណៈ ទេសចរណ៍ ដឹកជញ្ជូនទំនិញ កសិផលគ្រប់ប្រភេទ និងរួមចំណែកធ្វើឲ្យប្រសើរឡើង នូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ។
នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សា ក្នុងឃុំដំរីផុង ដោយបានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតជូនចំពោះប្រជាពលរដ្ឋនៅទីនោះ។
បន្ទាប់មកលោក រដ្ឋមន្រ្ដីនិងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ របស់មន្ទីរអភិវឌ្ឍនបទខេត្តរួចមកលោករដ្ឋមន្រ្ដី បានជម្រាបជូនពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ សំដៅ“កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ជាមួយនេះរាជរដ្ឋាភិបាលក៏បានកំណត់យកវិស័យអាទិភាព ៥គឺ “មនុស្សផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដើម្បីឈានទៅសម្រេចបាន “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ជាប្រទេសដែលមានចំណូលខ្ពស់។
ជាមួយនេះ លោករដ្ឋមន្រ្ដី បានលើកឡើងអំពីសមិទ្ធិផល ដែលសម្រេចបានក្នុងកម្មវិធីអាទិភាពចំនួន ៤ រួមមាន ៖ ទី១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ និងបានធ្វើការផ្តាំផ្ញើរឱ្យថ្នាក់ដឹកនាំបន្តចូលរួមអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួនស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណចក្រកម្ពុជា និងសូមឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕