ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវ ដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមអនុវត្ត នូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ នៅក្នុងសង្គម ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៤ នៅខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានអះអាងថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវចូលរួមរាយការណ៍ភ្លាម មកកាន់សមត្ថកិច្ច ក្នុងករណីបានឃើញ ឬសង្ស័យលើសកម្មភាព ល្មើសច្បាប់ណាមួយ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស បានទាន់ពេលវេលា។

លោកអគ្គស្នងការរង បានអះអាងថា កន្លងមកអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យ ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់មានសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ ដល់វិស័យនេះឲ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់ ដែលនេះជាលើកទី៦៤ ហើយដែលនាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន បានរៀបចំវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន ។

ក្នុងន័យនេះ លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានស្នើដល់នាយកក្រុមហ៊ុន ផ្ដល់សេវាសន្ដិសុខឯកជន និងគ្រឹះស្ថាននានា ត្រូវបន្ដចូលរួមគាំទ្រ ដល់វគ្គបណ្ដុះបណ្ដាលនេះ ដោយត្រូវបញ្ជូនភ្នាក់ងារសន្ដិសុខឯកជន មកចូលរួមវគ្គសិក្សា។ លោក បន្ដថា សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបានពីការសិក្សានេះ ទៅអនុវត្ត និងបន្ដពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។

សូមបញ្ជាក់ថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹង តម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារ សន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិត របស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕



