ភ្នំពេញ៖ កម្ពុជា បានស្នើក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ពិនិត្យលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្ម ។
ក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) គឺជាក្រុមហ៊ុន មានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូ ក្រុងសៀមិន ប្រទេសចិន។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់អំពីបទពិសោធន៍នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន (ខេត្តហ្វូជៀន) នៃសាធារណរដ្ឋប្រជាមានិតចិន (Xiamen Area of China (Fujian) Pilot Free Trade Zone – FJFTZ) ដោយមានការចែករំលែកពីលោកស្រី Weng Xiaolan អនុប្រធានគណៈកម្មាធិការរដ្ឋបាលក្រុងសៀមិន។
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលក្រុងសៀមិន បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍យ៉ាងក្បោះក្បាយ លើកិច្ចការងារដែលសាធារណរដ្ឋប្រជាមានិតចិនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ (Pilot Free Trade Zone) ពិសេសក្នុងក្របខណ្ឌរបស់ក្រុងសៀមិន អមដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីបម្រើឱ្យដំណើរការរបស់តំបន់ពាណិជ្ជកម្មប្រភេទនេះ។
បន្ទាប់ពីការចែករំលែកបទពិសោធន៍រួចរាល់ តំបន់ពាណិជ្ជកម្មសេរី FJFTZ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និតបន្ថែម ដើម្បីរួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា កាន់តែមានភាពសម្បូរបែប បង្កើនពិពិធកម្មសេដ្ឋកិច្ចសង្គមកម្ពុជា។
បន្ថែមលើទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាក៏បានឆ្លៀតឱកាសអញ្ជើញចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូ ក្រុងសៀមិន ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់ផែ និងគម្រោងព្រែកជីកហ្វូនណនតេជោ ជាដើម។ ក្នុងជំនួបនេះ ភាគី កម្ពុជា បានស្នើសុំឱ្យក្រុមហ៊ុន XMXYG ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួន ពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជា ផងដែរ។
គួរជម្រាបដែរថា តំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន (ខេត្តហ្វូជៀន) នៃសាធារណរដ្ឋប្រជាមានិតចិន (Xiamen Area of China (Fujian) Pilot Free Trade Zone) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ មានវិសាលភាពលើផ្ទៃដីសរុបទំហំប្រមាណ ៤៣,៧៨គីឡូម៉ែត្រក្រឡា មានតួនាទីជាមជ្ឈមណ្ឌលនៃការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលធ្វើឱ្យខេត្តហ្វូជៀន ក៏ដូចជាប្រទេសចិនទាំងមូលកាន់បង្កភាពងាយស្រួលក្នុងការផ្សារភ្ជាប់ទៅកាន់ពិភពលោក៕