ស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៤បានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង ក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុងស្វាយរៀងដើម្បីបញ្ជៀសការកកស្ទះលូ។
លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ប៉េង ពោធិ៍សា អភិបាលខេត្ត អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង លោកបានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង និងក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុង។

លោកបានបញ្ជាក់ថា ក្រុមការងារបានពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចូលរួមថែររក្សាមាត់លូបានល្អមិនមានចាក់លុបបិទ រឺមានសំរាមកកស្ទះឡើយ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានចាក់សាបបេតុងលុបមាត់លូដោយដាក់បំពង់ជ័រតូចៗខុសពីស្ថានភាពដើម ដែលក្រុមការងារបច្ចេកទេសបានកសាងធ្វើឲ្យមានការកកស្ទះមិនអាចឲ្យទឹកហូរចូលលូបង្ហូរទឹកធំបាន ទាំងនេះហើយដែលជាកក្តានាំឲ្យមានការជាន់លិចដោយសារទឹកភ្លៀង រយះពេលយូរដែលធ្វើឲ្យប៉ះពល់ដល់ផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោកអភិបាលរងខេត្តស្វាយរៀង បានបន្ថែមថាក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើសំណង់ផ្សេងៗដែលនាំឲ្យរាំងស្ទះដល់មាត់លូបង្ហូរទឹក សូមមេត្តាចូលរួមជាមួយក្រុមការងាររុះរើឲ្យបានគ្រប់ៗ គ្នាមុនពេលដែលក្រុមការងារចុះអនុវត្តវិធានការរដ្ឋបាល។


លោកថា សូមចាប់ផ្តើមពីខ្លួនយើងដើម្បីជាគំរូល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
