ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រ លើកទី៦” (The 6th Silk Road Maritime International Cooperation Forum) ។
វេទិកានេះ ក្រោមប្រធានបទ៖ សន្ធានកម្មសេវាកម្មកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្ម តាមរយៈ “ផ្លូវសូត្រសមុទ្រ” ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនា ការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសនានាជុំវិញសកលលោក។ ក្នុងក្របខណ្ឌនេះ ក្រៅអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្ម កម្ពុជាមើលឃើញនូវឱកាសយ៉ាងច្រើនលើកិច្ចការងារវិនិយោគ ដែលរួមមានលើវិស័យជាអាទិ៍ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

កម្ពុជាជឿជាក់ថា តាមរយៈការបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរួមគ្នា នឹងអាចបើកឱកាសថ្មីសម្រាប់កំណើន និងការអភិវឌ្ឍន៍ដែលនឹងផ្តល់ផលប្រយោជន៍មិនត្រឹមសម្រាប់ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល និងលើសពីនេះ ឆ្ពោះទៅរកអនាគតនៃសន្តិភាព វិបុលភាព និងភាពជោគជ័យរួមគ្នា៕


