ភ្នំពេញ ៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់សិក្ខាកាមជាសមាជិកាសកម្ម នៃសមាគមកាយឬទ្ធិនារីកម្ពុជា ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិច ទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ ។
ការណែនាំ របស់លោកស្រីប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញខាងលើនេះ ធ្វើឡើងក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ បារីអេឡិចត្រូនិចលើសុខភាព” ដែលធ្វើឡើងនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។ គោលបំណងនៃកម្មវិធីនេះ គឺចង់ឱ្យសិក្ខាកាម ដែលជាសមាជិកាសកម្ម សមាជិកគាំទ្រ សមាគមកាយឫទ្ធិនារីកម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញ ឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ជាមួយនិងការយល់ដឹង ពីវិធានការបង្ការ និងទប់ស្កាត់ ។
ក្នុងឱកាសនោះលោកស្រី ជា ស៊ីណា ឃួង ស្រេង បានលើកឡើងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគម កាយឫទ្ធិនារីកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹកគ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមបុព្វហេតុរួម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា” ។
លោកស្រី ជា ស៊ីណា បានឱ្យដឹងទៀតថា “ការរៀបចំកម្មវិធីអប់រំ ស្តីពីផល ប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិច លើសុខភាព របស់សមាគម កាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នាពេលនេះ មានគោលបំណង បញ្ជាបការយល់ដឹងជាសាធារណៈ ជូនដល់ក្មួយៗសិស្សានុសិស្ស ក្មួយៗ កុមារី-យុវតី និងកាយឫទ្ធិនារីកម្ពុជា សម្រាប់ជាចំណេះដឹងបន្ថែម អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ បណ្តាលមកពីការប្រើប្រាស់ផលិតផលនេះ ព្រមទាំងវិធីសាស្ត្រថ្មីៗ ក្នុងការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ ពិសេសត្រូវរួមគ្នាផ្សព្វផ្សាយបន្ត ទៅដល់ក្រុមគ្រួសារសាច់ញាត្តិ និងមិត្តភក្តិ ដើម្បីកុំអោយអ្នកទាំងនោះ ប្រើប្រាស់ឧបករណ៍ទាំងនេះ។
ក្នុងនោះ លោកស្រីប្រធាន បានគូសបញ្ជាក់ថា “ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette) បាននឹងកំពុងរីករាលដាល ក្នុងចំណោមយុវវ័យ នៃបណ្តាប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា យើងផងដែរ ដោយពួកគេ ផ្តើមចេញពីការសាកល្បង ប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួត ភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះ ឈ្លក់វង្វេងប្រើប្រាស់ បោះបង់ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ ។
ប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ បានណែនាំថា “ក្មួយៗ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ ឧបករណ៍ទាំងនេះ ទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខ នឹងទោសពន្ធនាគារថែមទៀតផង”។
លោកស្រី ក៏បានណែនាំឱ្យនាំយកនូវព័ត៌មាន និងចំណេះដឹងទាំងឡាយ ដែលខ្លួនទទួលបានក្នុងកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញាត្តិ និងមិត្តភក្តិ ជាពិសេសយុវវ័យដទៃទៀតក្នុង សហគមន៍ដែលក្មួយៗកំពុងរស់នៅ ដើម្បីយើងរួមគ្នា ឈានទៅលុបបំបាត់ការប្រើប្រាស់ ឧបករណ៍ទាំងនេះ ចេញពីសង្គមជាតិយើង។ ត្រូវរួមគ្នាឃាត់ទុក ឬ រាយការណ៍ ប្រសិនបើយើងបាន ឃើញការចរាចរ ការជួញដូរ និងការប្រើប្រាស់បារី អេឡិចត្រូនិច តាមគ្រប់រូបភាព ដើម្បីឱ្យអាជ្ញាធរមាន សមត្ថកិច្ច ចាត់វិធានការបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព៕