ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងសហការី បានអញ្ជើញចុះពិនិត្យមើលការ ប្រមូលផលស្រូវពូជ (OM 5451) នៅរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានទីតាំងស្ថិត នៅភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ក្នុងដំណើរពិនិត្យមើលនេះដែរ លោកបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ពីការផលិតស្រូវពូជ សាកល្បងរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ។
ជាក់ស្តែងបន្ទាប់ពីបានពិនិត្យមើលការ ប្រមូលផលស្រូវពូជ (OM 5451) ដោយកសិករទទួលបានទិន្នផល ៧,៥ តោន ក្នុង ១ហិកតា ហើយបើទូទាត់ការ ចំណាយរួចអាចសល់បានចន្លោះពី៥លានរៀលទៅ៦លានរៀលក្នុង១ ហិកតា។

បច្ចុប្បន្ននេះ តម្លៃស្រូវ កសិករលក់នៅវាលស្រែ នៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរអាចលក់បានតម្លៃ ៩៩០រៀល ក្នុង១គីឡូក្រាម និងលក់ឲ្យរោងម៉ាស៊ីន បានតម្លៃ ១,០៣០រៀល ទៅ១,០៥០រៀល ក្នុង១គីឡូក្រាម ទៅតាមគុណភាពស្រូវ។

ឥឡូវនេះ រោងម៉ាស៊ីនកិនស្រូវខាងលើកំពុងតែប្រមូលទិញស្រូវ ពីប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានក្នុងខេត្តព្រៃវែង មានប្រភេទស្រូវ (OM 5451) ហើយរោងម៉ាស៊ីន ក៍បានបន្តជំរុញការដាំដុះស្រូវសែនក្រអូប ឲ្យបានច្រើនផងដែរ ព្រោះកំពុងមានតម្រូវការទីផ្សារខ្លាំង៕




