កំពស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចាត់ទុកថា ការពង្រីកគ្រឹះស្ថានសិក្សាឯកជន គឺជាការលើកកម្ពស់ក្នុងវិស័យសិក្សានៅកម្ពុជា។ គ្រាដែលលោក ជាម ច័ន្ទសោភ័ណ លើកឡើងដូច្នេះ នាឱកាសដាក់សម្ពោធជាផ្លូវការសាលារៀន វ៉េស្ទឡាញន៍ សាខាទី ១២ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្របគ្នាជាមួយការប្រារព្ធទិវាអក្ខរកម្មជាតិថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា កម្មវិធីសិក្សាធិការពិតជាបានលើកកម្ពស់អក្ខរកម្មនៅកម្ពុជា ហើយអក្ខរកម្មពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ ក៏ដូចជាលើកកម្ពស់ធនធានមនុស្ស និងបន្តរក្សា សុខសន្តិភាពខណ:ដែរប្រជាពលរដ្ឋកម្ពុជាគ្រប់រូប កំពុងទទួលផល ជាពិសេសនៅខេត្តកំពង់ស្ពឺ។



ការបើកពង្រីកសាលារៀនបន្ថែម គឺបានធ្វើឲ្យចំណេះដឹងដល់កុមារ សមត្ថភាពរឹងមាំ ឈានទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន។



អភិបាលខេត្តកំពង់ស្ពឺ បានរំពឹងទុកថា គ្រឹះស្ថានសិក្សានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងឲ្យកាន់តែធំទូលំទូលាយ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋគ្រប់រូប។ ដើម្បីរួមចំណែកបង្កើនល្បឿន នៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនទៅមុខ ឆ្លើយតបទៅនឹងគោល នយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។





សូមរំលឹកថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានសាលារៀនចំនួន ៦៤៣សាលា ក្នុងនោះសាលារៀនឯកជនចំនួន ៩៧សាលារៀន។ ជាងមួយទស្សវត្សកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡារួមជាមួយដៃគូអភិវឌ្ឍន៍សម្រេច បាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ។ យុទ្ធនាប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំ ធានាថាកុមារទាំងអស់ត្រូវបានបញ្ជូនទៅសាលារៀន ហើយក្រសួងអប់រំក៏បានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្រ្ត បង្រៀនថ្មីថ្នាក់ដំបូងដើម្បីកែលម្អ ប្រសិទ្ធភាពអក្ខរកម្មនិងគុណភាព៕



ដោយ៖ សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល
