ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ លក្ខណៈពិសេសរបស់ក្រសួងមុខងារសាធារណៈ គឺសុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រី ក្រសួងមុខងារសាធារណៈ បានលើកឡើងថា លក្ខណៈពិសេសមួយរបស់ក្រសួងមុខងារសាធារណៈ គឺសុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ហើយអនុវត្តបេសកកម្ម ក្នុងស្មារតីតែមួយ ។

ក្នុងវគ្គបណ្តុះបណ្តាលបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១០ កញ្ញា នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនូវអនុសាសន៍គន្លឹះជាច្រើនដល់សិក្ខាកាមសម្រាប់ជាពុទ្ធិ និងការតម្រង់ទិសក្នុងឧត្តមភាពជាមន្ត្រីរាជការ។

ក្រៅពីរំលេចពីសមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងចំណុចពិសេសរបស់ក្រសួងចំនួន ៣ចំណុច រួមមាន៖ ទី១. សុខដុមនីយកម្ម នៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ , ទី២. ទឹកចិត្ត ឆន្ទះនៃការ លះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ និងទី៣. ការសំឡឹងមើលថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាឱកាសជាជាងបញ្ហា ឬការប្រឈម។

លោកឧបនាយករដ្ឋមន្ត្រី ក៏លើកពីចំណុចខាងលើដោយបន្ថែមថា «ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មិនបានបែងចែកជំនាន់ ឬអ្នកចូលមុនចូល ក្រោយនោះទេ ពោលគឺរួមចិត្ត រួមស្មារតីតែមួយនៅក្នុងក្រសួងមុខងារសាធារណៈ ឆ្ពោះទៅមុខ ហើយអនុវត្តបេសកកម្មក្នុងស្មារតីតែមួយ បំពេញការងាររួមគ្នា ប្រកបដោយជវភាពនៃតួអង្គតែមួយ និងមានការគោរពគ្នាទៅវិញទៅមក»។

ទន្ទឹមនេះ លោកថា «ទឹកចិត្ត ឆន្ទៈនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ បានបំពេញកិច្ចការងារស្នូល និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយពុំមានរើសមន្ត្រីថ្មីនោះទេ គឺប្រើប្រាស់ធនធានដែល មានស្រាប់ ដោយបានរែកពន់នូវការងារជាច្រើនដែលក្រសួងមុខងារសាធារណៈកំពុងធ្វើ ប្រកបដោយភាពទទួលខុសត្រូវ ឆន្ទៈ មនសិការ និងវិជ្ជាជីវៈក្នុងការបំពេញការងារ»។

បន្ថែមលើនេះ លោកបានណែនាំថា ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាចំណុចអវិជ្ជមាន ឬជាបញ្ហាប្រឈមនោះទេ តែទាំងអស់គ្នា មើលថាការកែទម្រង់រដ្ឋបាលសាធារណៈ ជាឱកាសចូលរួមយ៉ាងស្វាហាប់ ក្នុងភាពទទួលខុសត្រូវ ដើម្បីចូលរួមការកសាង និងប្រែក្លាយរដ្ឋបាលសាធារណៈឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕

To Top