ភ្នំពេញ៖ លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិន នីគែន (Heineken) បានប្តេជ្ញាចិត្តជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិ យុត្តិ ក្រោយមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា អស់រយៈពេល៣០ឆ្នាំ ។



ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី នៅព្រឹកថ្ងៃទី១០ កញ្ញា លោកអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) បានជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងបានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាដែលបានផ្តល់កិច្ចសហការ និងការយកចិត្តទុក ដាក់ដល់ក្រុមហ៊ុន កន្លងមក។

ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រចាំតំបន់ បានប្ដេជ្ញាចិត្តក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្តតាម លិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន ។

ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនហ៊ិននីគែនដែលបានសម្រេចចិត្ត ធ្វើការវិនិយោគនៅកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងការបង្កើតការងារដោយផ្ទាល់ និងប្រយោល នៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ។

សម្តេចធិបតី ក៏បានគូសរំលេចអំពីការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរ ប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចេញនូវច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងកញ្ចប់វិធានការនានា ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត៕
