ព័ត៌មានជាតិ

ប្រធានសភាកូរ៉េ កោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចតេជោដែលនាំកម្ពុជាសម្រេចបានសុខសន្តិភាព និងការរីកចម្រើន

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរដែលនាំកម្ពុជាសម្រេចបានសុខសន្តិភាព និងការរីកចម្រើន។

នេះជាការលើកឡើងរបស់លោកក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ កញ្ញា។

លោក អ៊ូ វ៉ន់ស៊ីក ក៏បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដោយលោកបានដឹងថា សម្ដេចតេជោ បានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងការកសាងទំនាក់ទំនង រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយបានស្ដារនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៧។ លោកសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រតិបត្តិការ រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងកាន់តែរីកចម្រើនច្រើនថែមទៀតនៅពេលអនាគត។

លោក អ៊ូ វ៉ន់ស៊ីក បានជម្រាបសម្ដេចផងដែរថា កម្ពុជា បានបង្កើតឡើងហើយក្រុមមិត្តភាពព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ជាមួយសភានៃសាធាណរដ្ឋកូរ៉េ ហើយលោកស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ការបង្កើតក្រុមមិត្តភាពនេះឡើង ខណៈកូរ៉េសន្យាថា នឹងបង្កើតឡើង នៅពេលឆាប់ឆាប់ខាងមុខនេះ ។

ជាមួយគ្នានេះលោក អ៊ូ វ៉ន់ស៊ីក បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េ និងកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាកន្លងមក។

លោក អ៊ូ វ៉ន់ស៊ីក ក៏បានស្នើសុំសម្ដេចតេជោ និងរាជ រដ្ឋាភិបាលកម្ពុជាគាំទ្រ និងសម្រួលដល់ការវិនិយោគរបស់ប្រទេសកូរ៉េផងដែរ ដើម្បីអាចមានលទ្ធភាព និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។ ការឯកភាពគ្នាបង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុនកូរ៉េ ដែលបានព្រមព្រៀង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងមកនេះ ខាងភាគីកូរ៉េនឹងរៀបចំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យចេញជារូបរាង។ ជាមួយគ្នានេះ កូរ៉េនឹងបន្តដើរតួនាទីសំខាន់ ក្នុងការផ្តល់នូវគម្រោងអូឌីអេ ដើម្បីគាំទ្រដល់ការរីកចម្រើន និងការរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារ KOICA របស់កូរ៉េ ក៏បានការចូលរួមចំណែកក្នុងការដោះមីន និងគម្រោងជាច្រើនទៀត នៅពេលបច្ចុប្បន្នក៏ដូចជា នៅពេលអនាគត។

លោក អ៊ូ វ៉ន់ស៊ីក ក៏បានសម្ដែងភាពរីករាយផងដែរ ចំពោះកិច្ចសហប្រតិបត្តិការនានា ដែលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងដើម្បីការប្រែប្រួលអាកាសធាតុ ដែលសង្កេតឃើញថា កម្ពុជាបានខិតខំយ៉ាងច្រើន ហើយរដ្ឋាភិបាលកូរ៉េ បាននិងកំពុងគាំទ្រលើគម្រោងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសកម្មភាព នានាជុំវិញគម្រោងមេគង្គកូរ៉េផងដែរ។

លោក អ៊ូ វ៉ន់ស៊ីក សង្កេតឃើញថា ទំហំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានការកើនឡើងវិញ បន្ទាប់ពីសម័យកូវីដ ដោយកម្ពុជាមានធម្មជាតិស្រស់ស្អាត មានប្រាសាទបុរាណជាពិសេស គឺប្រាសាទអង្គរវត្ត។ លោកបញ្ជាក់ថា លោកបានខិតខំសម្រួលយ៉ាងណា លើកលែងសេវាទេសចរណ៍ជាក្រុម សម្រាប់ប្រជាជនកម្ពុជា មកកាន់ប្រទេសកូរ៉េផងដែរ ហើយសង្ឃឹមថា ទំហំទេសចរទៅវិញទៅមកនឹងមានការកើនឡើង។

បន្ថែមពីនេះ លោក អ៊ូ វ៉ន់ស៊ីក បានជម្រាបសម្តេចតេជោប្រធានព្រឹទ្ធសភាដែរថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានខិតខំសម្រួល និងការពារពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅសាធាណរដ្ឋកូរ៉េ ប្រមាណជា៦ម៉ឺននាក់ ដោយកែសម្រួលលម្អលក្ខខណ្ឌការងារ ប្រកបដោយសុវត្ថិភាព និងការពារពលករទាំងនោះឱ្យបានត្រឹមត្រូវ៕

To Top