ព័ត៌មានជាតិ

គ្រូបង្រៀនចិននៅកម្ពុជា ដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ កម្ពុជានិងចិនបានចាត់ទុកគ្រូបង្រៀនជនជាតិចិន នៅក្នុងប្រទេសកម្ពុជាដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមវាសនារួម។

ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នៅស្ថានទូតចិនប្រចាំកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជានិងចិនបានជំរុញការផ្លាស់ប្តូរប្រជាជននិងវប្បធម៌ មានប្រវត្ថិសាស្ត្រដ៏យូលង់មកហើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងកាន់តែរីកចម្រើន នៅប៉ុន្មានចុងក្រោយនេះ ជាពិសេស ភាគីចិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ហើយវត្តមានយ៉ាងសកម្មរបស់គ្រូបង្រៀនចិន នៅកម្ពុជាគឺជានិម្មិតសញ្ញានៃការផ្លាស់ប្តូរទំនាក់ទំនងកាន់តែរឹងមាំ។ គ្រូជនជាតិចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពួកគេបាននាំមកនូវការអប់រំប្រកបដោយគុណភាព ចំណេះដឹងជ្រាលជ្រៅបង្ហាត់បង្រៀននៅកម្ពុជា ហើយបានជាស្ពានផ្សារភ្ជាប់វប្បធម៌ប្រទេសទាំងពីរ ជំរុញការស្គាល់ពីគ្នា កាន់តែច្បាស់រវាងប្រជាជាតិទាំងពីរ។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យមូលធនមនុស្សគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង។ វត្តមានរបស់គ្រូបង្រៀនចិននៅកម្ពុជាបានចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស ដោយមានសិស្សានុសិស្សខ្មែរកាន់តែច្រើន រៀនភាសាចិន ជាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ។

ចាប់តាំងពីឆ្នាំ២០០៩មក រដ្ឋាភិបាលចិនបានបញ្ជូនគ្រូបង្រៀនមកប្រទេសកម្ពុជា រាប់ពាន់នាក់ ហើយនៅឆ្នាំ២០២៤នេះ មានចំនួនជាង៣០០នាក់បន្ថែមទៀត។ ឯកឧត្តមសង្ឃឹមថា គ្រូបង្រៀនចិននឹងខិតខំបំពេញការងារ ចូលរួមជំរុញការកសាងសហគមវាសនារួម ហើយស្ថានទូតចិនសូមគោរព និងប្តេជ្ញាគំាទ្រពេញទំហឹងចំពោះកិច្ចការងារនេះ។

គ្រូបង្រៀនខ្មែរដែលបានចូលរួមក្នុងកម្មវិធីខាងលើបានបង្ហាញចំណាប់អារម្មណ៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គ្រូបង្រៀនជាជនជាតិចិន ហើយសង្ឃឹមថា ពួកគាត់នឹងបន្តបេសកកម្មបង្រៀនភាសាចិនដល់ជនជាតិខ្មែរ ឲ្យបានកាន់តែសកម្ម ដើម្បីស្វែងយល់ពីគ្នាកាន់តែខ្លាំង និងផ្តល់ចំណេះដឹងភាសាចិនកាន់តែទូលំទូលាយដល់ប្រជាជនខ្មែរ ស្របពេលដែលភាសាចិនកាន់តែមានតម្រូវការលើទីផ្សារការងារ។

ពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នាពេលនោះ ក៏មានវត្តមានចូលរួមពីតំណាងសកលវិទ្យាល័យ ដែលមានបង្រៀនភាសាចិន គ្រូបង្រៀនទាំងខ្មែរ និងចិន ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត៕

To Top