ភ្នំពេញ៖ លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា កម្មវិធីលើកកម្ពស់ជំនាញអាជីវកម្ម ដល់សហគ្រិនស្ត្រី (AWE) រាប់ថាជាគម្រោងដ៏សំខាន់ សម្រាប់យុទ្ធនាការរបស់ខ្លួន ស្តីពីការលើកកម្ពស់ស្ត្រី ដែលអបអរសាទរ និងគាំទ្រស្ត្រីឲ្យសម្រេចបាន នូវសក្តានុពលពេញលេញ ។
ការគូសបញ្ជាក់របស់លោកស្រី ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកកម្មវិធី លើកកម្ពស់ជំនាញអាជីវកម្ម ដល់សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE) នៅប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ ។
ថ្លែងក្នុងឱកាសនេះលោកស្រី ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានលើកឡើងថា «ខ្ញុំមានមោទនភាពសូមនិយាយថា សហរដ្ឋអាមេរិក បាននាំមុខគេក្នុងកិច្ចពិភាក្សា លើគោលនយោបាយ ក្នុងការលើកកម្ពស់ស្ត្រី អស់រយៈពេលរាប់ឆ្នាំមកហើយ។ ឆ្នាំនេះកម្មវិធី AWE រាប់ថាជាគម្រោងដ៏សំខាន់ សម្រាប់យុទ្ធនាការរបស់យើង ស្តីពីការលើកកម្ពស់ស្ត្រី ដែលអបអរសាទរ និងគាំទ្រស្ត្រីឲ្យសម្រេចបាននូវសក្តានុ ពលពេញលេញរបស់គេ»។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ចម និម្មល បានថ្លែងអំណរគុណ ចំពោះស្ថានទូតសហរដ្ឋអាមេរិក សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង Impact Hub ចំពោះការប្តេជ្ញាចិត្តជំរុញ ឱ្យកម្មវិធីនេះ ដំណើរការឡើង ដែលគូសបញ្ជាក់ពីការបោះជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី ឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍ ជាពិសេស នេះជាជំនាន់ទី១ ចាប់ផ្តើមនៅកម្ពុជា ចាប់តាំងពីបង្កើតឡើងនូវកម្មវិធីបណ្តុះបណ្តាល AWE ដោយការិយាល័យកិច្ចការវប្បធម៌ និងអប់រំ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក បានបង្កើត កម្មវិធីបណ្តុះបណ្តាល AWE នេះឡើងក្នុងឆ្នាំ ២០១៩ ។
លោកស្រី រដ្ឋមន្ត្រីក្រសួងពាណ្ជិជកម្ម បានគូសងញ្ជាក់ដែរថា “ខ្ញុំមានសុទិដ្ឋិនិយមថា សហគ្រិនស្ត្រី វ័យក្មេងទាំងនេះ នឹងរកឃើញនូវសក្តានុពលរបស់ខ្លួន ក្នុងការធ្វើធុរកិច្ច និងការច្នៃប្រឌិត តាមរយៈការបណ្តុះបណ្តាល ដ៏គ្រប់ជ្រុងជ្រោយ ការបង្ហាត់បង្រៀន (Mentorship) និងតាមរយៈបណ្តាញទំនាក់ទំនងដ៏រឹងមាំ រវាងគ្នា និងគ្នា។ ជាមួយនឹងការបណ្តុះ នូវជំនាញនិងផ្តល់ការគាំទ្រចាំបាច់នានា សហគ្រិនស្ត្រីរបស់យើង នឹងរួមចំណែកយ៉ាងសំខាន់ ដល់វិបុលភាពរបស់សហគមន៍យើងទាំងអស់គ្នា”។
ក្នុងឱកាសនេះ លោកស្រី ចម និម្មល ក៏បានគូសរំលេច នូវសារលើកទឹកចិត្តរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា “នាឱកាសសិក្ខាសាលាផ្ទៀងផ្ទាត់ Trade Outlook” កាលពី ២ សប្តាហ៍មុននេះ សម្តេច បានសង្កត់ធ្ងន់ថា “ស្ត្រី គឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាស្មារតីរបស់ប្រទេសជាតិ”។ សារនេះ បានឆ្លុះបញ្ចាំងយ៉ាង ខ្លាំង នូវជំនឿរបស់ខ្ញុំ ដែលថា ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី មិនត្រឹមតែជាកត្តាចាំបាច់ ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចផងដែរ។ នៅពេលដែលស្ត្រីរីកចម្រើន ធុរកិច្ចក៏រីកចម្រើន ហើយប្រទេសជាតិក៏នឹងមាន វិបុលភាព ផងដែរ។ ការពិតដែលមិនអាចប្រកែកនេះ ត្រូវតែជាស្នូលនៃគោលនយោបាយ ការអនុវត្ត និងភាពជាដៃ គូរបស់យើង”។
សូមរំលឹកថា AWE គឺជាគម្រោងផ្តួចផ្តើមមួយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ចំណេះដឹង បណ្តាញ និងលទ្ធភាព ចាំបាច់ ដើម្បីឲ្យស្ត្រីជាសហគ្រិនចាប់ផ្តើម និងពង្រីកអាជីវកម្មដោយជោគជ័យ ហើយប្រើប្រាស់អំណាច នៃអ្នកឧបត្ថម្ភពីវិស័យសាធារណៈ និងវិស័យឯកជន ដៃគូក្នុងស្រុក និងបណ្តាញនៃអតីតនិស្សិត ដែលបានចូលរួមក្នុងក្នុង កម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំ របស់សហរដ្ឋអាមេរិក ដើម្បីជួយស្ត្រី និងអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើន។ AWE ទទួល បានមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងមានគោលបំណងលើកកម្ពស់ស្ត្រី ក្នុងជំនាញអាជីវកម្ម តាមរយៈ ការសិក្សាពីកម្មវិធីអាជីវកម្ម វគ្គបណ្តុះបណ្តាល និងការបង្កើតបណ្តាញ ។ ជាក់ស្តែង កម្មវិធី AWE លើកដំបូងនេះ មានសិក្ខាកាម ចំនួន ៣០ នាក់ មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប មកពីវិស័យផ្សេងៗគ្នា រាប់តាំងពីសេវាកម្មបដិសណ្ឋារកិច្ច ដល់វិស័យថាមពលប្រកបដោយចីរភាព៕