ព័ត៌មានជាតិ

ចិន សន្យាបន្តជំរុញវិនិយោគិនខ្លួន មករកស៊ីលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា

រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ លោក Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន បានប្រកាសគាំទ្រ និងបន្តជំរុញវិនិយោគិនចិន មកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា ។

ការសន្យារបស់រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន ធ្វើឡើងនាថ្ងៃទី៩ កញ្ញា ក្នុងជំនួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ក្នុងជំនួបនេះ គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និងប្រកបដោយលទ្ធផលផ្លែផ្កា លើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ចិន។

លើកឡើងក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលហុចផលវិជ្ជមានពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។ បន្ថែមពីនេះ “ខ្សែក្រវាត់ និងផ្លូវ” និង “គោលនយោបាយចិនតែមួយ” ក៏ជាប្រធានបទដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាការឆ្លើយតបលើការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ភាគីចិនបានសន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងគាំទ្រនិងបន្តជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក Li Xiaopeng បានគូស បញ្ជាក់អំពីក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា-ចិន បានប្រកបដោយចីរភាព ៕

To Top