ព័ត៌មានជាតិ

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព​ អបអរទិវាសន្តិភាព ២៩ធ្នូ គ្រោងធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ជាមួយអ្នកចូលរួម៤ម៉ឺននាក់

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព​ ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា (២៩ធ្នូ១៩៩៨)​ ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងរៀបចំឡើង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ នៅពហុកីឡដ្ឋានមរតកតេជោ ដោយគ្រោងមានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ ខែកញ្ញា ។

កិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះ ធ្វើឡើងក្រោមវត្តមាន លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងកិច្ចប្រជុំនេះ ឃួង ស្រេង បានលើកឡើងថា “ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព​ ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃ២៩ធ្នូឆ្នាំ១៩៩៨​ និងដើម្បីអបអរសាទរ នៃការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ហើយ យើងនឹងត្រៀមរៀបចំ ការផ្សព្វផ្សាយអោយបានទូលំទូលាយ ជាមួយតុបតែង រៀបចំបដា រៀបចំតន្រ្តីជាដើម សំដៅធ្វើយ៉ាងណា អោយព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ​ ដំណើរទៅដោយរលូននិងជោគជ័យ”។

ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងថា “យើងពិតជាបានដឹងហើយថា កាលពីថ្ងៃ១៨សីហាឆ្នាំ២០២៤កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ​​ ជាមួយកងកម្លាំងមានសមត្ថកិច្ច បានបំពេញការងារបានយ៉ាងល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើឲ្យពួកជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ប៉ុន្តែយើងត្រូវដឹងថា ពួកអគតិជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្ត បង្កអសន្តិសុខនៅក្នុងសង្គមដដែរ ដែលទាមទារឲ្យកម្លាំងរបស់យើង មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ”។

លោកសន្តិបណ្ឌិត នេត សាវឿន បន្តទៀតថា ព្រឹត្តិការណ៍បាល់ទាត់ នៅថ្ងៃទី២៩ធ្នូនេះ នឹងមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ យុវជន មហាជន ចូលរួមប្រមាណជាង៤ម៉ឺននាក់។ ដូច្នេះអ្វីដែលត្រូវអនុវត្ត គឺកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋដែលចូលរួម៕

To Top