ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ទទួលគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដើម្បីរំលឹកដំណើរ ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ខ្លួន ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសម្តែងការគួរសមពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។

ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនវិនិយោគធំដំបូងគេរបស់ប្រទេសកម្ពុជាដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងរោងចក្រស្រាបៀរទំនើបរបស់ខ្លួននៅទីក្រុងភ្នំពេញ ហើយក្រុមហ៊ុននេះបានបន្តឈរលើជំហរមហិច្ឆតានិរន្តរភាពរបស់ខ្លួន «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមហិច្ឆតានេះផ្តោតលើសសរស្តម្ភ បរិស្ថាន សង្គម និងទំនួលខុសត្រូវ។

ការចូលរួមចំណែក និងភាពជាដៃគូរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃប្រធានបទគម្រប់ខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុននេះដែលមានស្លាក «អរគុណសម្រាប់ ៣០ ឆ្នាំ» ដែលជាតំណាងនៃការអរគុណទៅប្រជាជនកម្ពុជា ដៃគូអាជីវកម្មក្នុងស្រុក និងប្រទេសកម្ពុជាចំពោះការសហការជាច្រើនឆ្នាំកន្លង។

លោក Jacco van der Linden ដែលដឹកនាំគណៈប្រតិភូប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនហ៊ិននីគែនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឱ្យក្រុមហ៊ុនហ៊ិននីគែនខេមបូឌាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

លោក Jacco van der Linden បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ហ៊ិននីគែន មានឫសគល់ដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ហើយយើងមានមោទនភាពដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ យើងជំរុញឱ្យមានការរីកចម្រើនរួមគ្នាជាមួយភាគីពាក់ព័ន្ធរបស់យើងនៅទូទាំងខ្សែសង្វាក់ផលិតកម្មចាប់ពីស្រូវសាលីទៅបារដែលផលិតឡើងដោយការគោរពយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌ ទំនៀមទម្លាប់ សហគមន៍ និងបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា។ យើងមានបំណងបន្តកសាងកេរ្តិ៍ដំណែលនេះ ដោយបង្កើតឱកាសលូតលាស់ប្រកបដោយនិរន្តរភាព ធ្វើឱ្យមានផលជាវិជ្ជមានជាមួយធុរកិច្ច និងសហគមន៍កម្ពុជាដែលស្របតាមគោលបំណងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការបង្កើតនូវសេចក្តីរីករាយនៃការរួមគ្នាពិតដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង។

រួមជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុននេះក៏បានផ្តល់ជូនរបាយការណ៍មួយដែលមានចំណងជើងថា «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះព្រះរាជាណាចក្រកម្ពុជា» ជូននាយករដ្ឋមន្រ្តីប្រទេសកម្ពុជាផងដែរ។

របាយការណ៍នេះរួមបញ្ចូលការរកឃើញពីការសិក្សាដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានដែលបានរកឃើញថា ការគាំទ្ររួមរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាមានចំនួន ៤៣៨ លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ។ តម្លៃដែលបានរកឃើញនេះរួមមានការរួមចំណែកពីដៃគូនិងអ្នកផ្គត់ផ្គង់តាំងពីប្រតិបត្តិការដំណាក់កាលដំបូងដល់ដំណាក់កាលចុងក្រោយដែលតម្លៃនោះប្រមាណជា ១,៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ដែលបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣១,១ ប៊ីលានដុល្លារសហរដ្ឋអាមេរិក)។ របាយការណ៍នេះក៏បានរកឃើញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ការងារចំនួន ៧២៧ នៅក្នុងប្រតិបត្តិការផ្ទាល់របស់ខ្លួន និងគាំទ្រការងារដោយប្រយោលចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងខ្សែសង្វាក់ផលិតកម្មទាំងមូល។ ការងារ និងអត្ថប្រយោជន៍ដែល ក្រុមហ៊ុន ហ៊ុននីគែន ខេមបូឌា គាំទ្រក្នុងវិស័យសេដ្ឋកិច្ចជាច្រើនផ្នែកចាប់ពីផ្នែកពាណិជ្ជកម្មរហូតដល់កសិកម្ម។

បន្ថែមពីនេះ ៧៥% នៃការចំណាយលើលទ្ធកម្មសរុបរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជំរុញឱ្យមានផលវិជ្ជមាននៅប្រតិបត្តិការដំណាក់កាលដំបូងក្នុងខ្សែសង្វាក់ផលិតកម្ម។ របាយការណ៍នេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងឧស្សហកម្មភេសជ្ជៈ និងវិស័យលក់រាយរបស់ប្រទេសកម្ពុជា។ អាជីវកម្មលក់រាយ និងអាជីវកម្មដូចជាភោជនីយដ្ឋាននិងបារទទួលបានអត្ថប្រយោជន៍ច្រើនពីតម្លៃដែលបង្កើតឡើងដោយឧស្សាហកម្មភេសជ្ជៈ។

លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជាបុគ្គលមួយរូបនៃគណៈប្រតិភូ ក្រុមហ៊ុន ហ៊ិននីគែន បានមានប្រសាសន៍បន្ថែមថា៖ «ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ហ៊ិននីគែន គឺជាផ្នែកមួយនៃសង្គមប្រទេសកម្ពុជា។ យើងមិនត្រឹមតែជាអ្នកវិនិយោគប៉ុណ្ណោះទេ យើងថែមទាំងជាអ្នករួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ។ នេះជាមូលហេតុដែលយើងខិតខំយ៉ាងខ្លាំងទៅលើសសរស្តម្ភរបស់យើង «រូមគ្នាធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមានគោលបំណងលើកកម្ពស់ជីវភាពសហគមន៍ និងប្រទេសកម្ពុជាជាមួយការដឹកនាំកម្មវិធីដែលមាននិរន្តរភាពបរិស្ថាន លើកកម្ពស់សង្គម និងការទទួលខុសត្រូវ»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះគឺជាអ្នកផលិត និងអ្នកទីផ្សារឈានមុខគេនៃស្រាបៀរគ្មានជាតិអាល់កុល និងនិងភេសជ្ជៈ cider លំដាប់ខ្ពស់។ យីហោ Heineken® មានផលិតផលជាង ៣៥០ ផលិតផលដែលរួមបញ្ចូលទាំងស្រាបៀរអន្តរជាតិ ស្រាបៀរក្នុងស្រុក និងភេសជ្ជៈ Cider ។ នៅក្នុងប្រទេសកម្ពុជា ផលិតផលរបស់ ក្រុមហ៊ុន ហ៊ិននីគែន ដែលមានគុណភាពខ្ពស់ទាំងក្នុងស្រុក និងអន្តរជាតិរួមមាន Heineken®, Tiger, ABC, Anchor និង Gold Crown ។ ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបើកដាក់លក់ស្រាបៀរ Heineken® 0.0 ជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកដែលជាជម្រើសដល់អ្នកប្រើប្រាស់ក្នុងកម្មវិធីនានា ទន្ទឹមនឹងការលើកទឹកចិត្តដល់ការពិសាក្នុងកម្រិតសមស្រប និងការពិសាដោយការទទួលខុសត្រូវ។

ក្រុមហ៊ុនទីប្រឹក្សា Steward Redqueen បានធ្វើការសិក្សាអំពីការវាយតម្លៃផលជាវិជ្ជមានប្រមាណជាង ១០០ ការសិក្សានៅក្នុងប្រទេសជាង ៧០ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាងដប់ប្រាំឆ្នាំចំពោះធ្វើការជាមួយក្រុមហ៊ុន ហ៊ិននីគែន នៅក្នុងទីផ្សារជាង ៣០ ដែលបានធ្វើការសិក្សាប្រមាណជាង ៥០ ការសិក្សាកន្លងមក។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

To Top