ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណះកម្មការថ្នាក់ខេត្តដើម្បីកែសម្រួលសមាសភាពមួយចំនួនក្នុងអនុគណះកម្មការទាំង ៦ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ និង ទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និង ស្រុកវាលវែង នៃខេត្តពោធិ៍សាត់អោយទទួលបានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនោះបានធ្វើឡើងនៅសាលប្រជុំជាន់ទី ១ នៃអាគាររដ្ឋបាលខេត្តពោធិ៍សាត់ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត អាជ្ញាធរស្រុកពាក់ព័ន្ធ និង ប្រធាន អនុប្រធាននិង សមាជិកអនុគណះកម្មការទាំង ៦ និង ក្រុមលេខាធិការដ្ឋានចំណុះអោយគណះកម្មការថ្នាក់ខេត្តដើម្បីទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និង ស្រុកវាលវែង និង មន្ត្រីពាក់ព័ន្ធនានាជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនោះ លោកខូយ រីដា អភិបាលខេត្តបានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះអនុគណះកម្មការទាំង ៦ ក្រុមដែលបាន និង កំពុងបំពេញការងារយ៉ាងសកម្មគ្រប់គោលដៅទាំងអស់ដោយមិនខ្លាចនឿយហត់នាពេលកន្លងមក។លោកអភិបាលខេត្តក៍បានមានប្រសាសន៍បន្តថាបន្ទាប់ពីទទួលបានការគាំទ្រ និង លើកទឹកចិត្តយ៉ាងខ្លាំងពីសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាគ្រប់អនុគណះកម្មការទាំងអស់ត្រូវតែអនុវត្តការងារទប់ស្កាត់ និង បង្រ្កាបនូវបទល្មើសធនធានធម្មជាតិអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀតដោយស្មារតីទទួលខុស ត្រូវខ្ពស់។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្តក៍បានដាក់ចែញនូវយន្តការមួយចំនួនដើម្បីអោយអនុគណះកម្មការទាំង ៦ យកទៅអនុវត្តរួមមាន:
១-គ្រប់អនុគណះកម្មការទាំងអស់ត្រូវមានរបាយការណ៍ជាប្រចាំ និង ភ្ជាប់មកនូវរូបភាពមកលេខាធិការដ្ឋាន។
២-ត្រូវរៀបចំទីតាំងឈរជើងអោយបានត្រឹមត្រូវ។
៣-ត្រូវចុះឃ្លុំ ដកហូតដី និង ឡើងផែនទីមកលេខាធិការដ្ឋានជាប្រចាំដើម្បីបូកសរុបរាយការណ៍ជូនថ្នាក់ជាតិ។
៤-ត្រូវអនុវត្តច្បាប់ចំពោះជនល្មើសដែលបានបំផ្លាញធ្ងន់ធ្ងរទៅលើធនធានធម្មជាតិ។
៥-មន្ទីរបរិស្ថានខេត្តត្រូវកសាងនិតិវិធី និង សហការជាមួយកម្លាំងនគរបាល។
៦-អនុគណះកម្មការនីមួយៗត្រូវរៀបចំប្រជុំផ្ទៃក្នុងអោយបានទៀងទាត់។
៧-អនុគណះកម្មការទាំងអស់ត្រូវអនុវត្តការងារអោយទទួលបានប្រសិទ្ធភាពខ្ពស់ដោយស្មារតីទទួលខុស ត្រូវ។
ក្នុងឱកាសនោះដែរ លោកខូយ រីដា អភិបាលខេត្តក៍បានឧបត្ថមថវិកាដល់អនុកម្មការទាំង ៦ (ក្នុង ១ អនុគណះកម្មការទទួលបានថវិកា ១០ លានរៀល)ដើម្បីបន្តទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិនៅភូមិសាស្ត្រស្រុកភ្នំក្រវាញ និង ស្រុកវាលវែង នៃ ខេត្តពោធិ៍សាត់៕