ព័ត៌មានជាតិ

ក្រសួងផែនការ នឹងប្រែក្លាយការប្រមូលទិន្នន័យជំរឿន ដោយប្រើកម្រងសំណួរលើក្រដាស់ មកជាការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ ៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងអំពីការគិតគូររបស់ក្រសួងផែនការ ក្នុងការប្រែក្លាយការប្រមូលទិន្នន័យ ដោយប្រើកម្រងសំណួរលើក្រដាស មកជាការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ថាប្លេតជំនួសវិញ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពឆាប់រហ័ស និងលឿនជាងមុន។

នាឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តព្រះវិហារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្នូលរបស់ក្រសួងផែនការ គឺ “ការផលិតទិន្នន័យ” ដែលមានវិទ្យាស្ថានជាតិស្ថិតិ ជាអ្នកផលិតទិន្នន័យច្រើនជាងគេ សម្រាប់ក្រសួងស្ថាប័នជាតិ។ លោក រដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃទិន្នន័យ សម្រាប់ការរៀបចំផែនការ និងគោលនយោបាយមួយដែលមានភាពច្បាស់លាស់ និងអាចវាស់វែងបាន ពោលគឺ “ទិន្នន័យជាសូចនាករសម្រាប់ការកំណត់លទ្ធផល”។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីការគិតគូររបស់ក្រសួងផែនការ ក្នុងការប្រែក្លាយការប្រមូលទិន្នន័យ ដោយប្រើកម្រងសំណួរលើក្រដាស់ មកជាការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ថាប្លេតជំនួសវិញ ដើម្បីធ្វើយ៉ាងណាឱ្យការប្រមូល ចងក្រង និងវិភាគទិន្នន័យ មានភាពឆាប់រហ័សនិងលឿនជាងមុន ស្របតាមបរិបទនៃបច្ចេកវិទ្យា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមាន “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះថ្មី។

ក្នុងបរិការណ៍នេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការ បានកំណត់យកការគ្រប់គ្រង ប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំសង្កាត់ (CDB) ជាទិសដៅអាទិភាព ដែលត្រូវបន្តពង្រឹងនិងធ្វើទំនើបកម្ម ដើម្បីឈានទៅសម្រេចបាន ទិន្នន័យមូលដ្ឋានឃុំសង្កាត់ ដែលមានសុក្រិតភាព គណនេយ្យភាពខ្ពស់ និងភាពឆាប់រហ័ស។

លោករដ្ឋមន្ត្រី បានចែករំលែកផងដែរអំពី ទស្សនៈជុំវិញការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការគិតគូររបស់ក្រសួងផែនការ លើគោលនយោបាយប្រជាសាស្ត្រ ក្នុងនោះ លោករដ្ឋមន្ត្រី បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការងារលើកកម្ពស់អាហារូបត្ថម្ភ និងសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសកុមារ៕

To Top