ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។
ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ សមភាគីទាំងពីរបានជជែកពីផ្លែផ្កានៃកិច្ចសហការកន្លងមកដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរតាមរយៈស្ថាប័នជំនាញបានអនុវត្ត និងសម្រេច។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនលើវិស័យការងារ និងសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យជោគជ័យដើម្បីផ្តល់ផលប្រយោជន៍ និងផ្លែផ្កាជូនប្រជាពលរដ្ឋ។




បន្ថែមពីនេះ លោករដ្ឋមន្រ្តី ហេង សួរ ក៏បានពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហការគ្រប់វិស័យរបស់ប្រទេសទាំងពីរដែលបានបង្កើតឱកាសឱ្យមានកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជួយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងទីផ្សារ។





ចំណែកលោកស្រីឯកអគ្គរដ្ឋទូតវិញ បានថ្លែងកោតសរសើរពីការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានអរគុណរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈបានជួយសម្របសម្រួលដល់ពលរដ្ឋហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា៕
