ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប បន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងបង្កើនសមត្ថភាពដល់មន្រ្តី សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប។
នាឱកាសអញ្ជើញបិទកិច្ចប្រជុំស្តីពី ការពង្រឹងការងារគ្រប់គ្រងជូនដល់អនុប្រធាន និងប្រធានផ្នែកទាំងបី នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឱ្យដឹងថា ចាប់តាំងពី លោក ត្រូវបានសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធាន គ.ជ.ប និងចូលកាន់តំណែងក្នុងអាណត្តិដំបូងជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក បានធ្វើការប្ដេជ្ញាថា «រូបខ្ញុំនឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រៀបចំ ចាត់ចែង និងគ្រប់គ្រងស្ថាប័ន គ.ជ.ប និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ»។
លោកប្រធាន បញ្ជាក់ថា «ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តីក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨»។
ក្នុងរយៈពេលបីឆ្នាំជាងមកនេះ, ប្រធាន គ.ជ.ប បានដឹកនាំស្ថាប័នរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកល និងការបោះឆ្នោតឡើងវិញជាបន្តបន្ទាប់ ដែលរួមមានការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា-ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រកបដោយភាពជោគជ័យជាទីមោទនៈ។
ប្រធាន គ.ជ.ប បានលើកឡើងថា ក្នុងនោះការបោះឆ្នោតជាសកលលើកចុងក្រោយ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសុខភាពសាធារណៈ មានការវិវត្តល្អប្រសើរ ដែលបង្កលក្ខណៈងាយស្រួល និងបើកទូលាយ សម្រាប់គ្រប់គណបក្សនយោបាយដែលមានគុណវុឌ្ឍិស្របតាមច្បាប់ជាធរមាន អាចចូលរួមប្រកួតប្រជែង ដោយសេរី និងដោយស្មើភាព៕