ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើមសប្ដាហ៍កន្លងទៅនេះ សភាពការណ៍ នៅភាពស្ងប់ស្ងាត់ ស្របពេល ដែលក្រសួងមហាផៃ្ទ បានចេញសេចក្តីប្រកាសបដិសេធ និងថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្រៅប្រទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា «ដើមសប្ដាហ៍កន្លងទៅនេះ សភាពការណ៍ ស្ងប់ស្ងាត់ គ្មានអ្វីគួរឱ្យកត់សម្គាល់នោះទេ ស្របពេលដែលក្រសួង មហាផៃ្ទ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចេញសេចក្តីប្រកាសបដិសេធ និងថ្កោលទោសយ៉ាងដាច់ អហង្ការ ចំពោះក្រុមជ្រុលនិយមក្រៅប្រទេស មួយក្តាប់តូចដែលប៉ុនប៉ង បំបែកបំបាក់ និងផ្តួលរំលំរាជរដ្ឋាភិបាល»។
អ្នកនាំពាក្យរង បន្ដថា ស្របគ្នានេះដែរ ក្រសួងមហាផៃ្ទ ដែលដើរតួនាទី ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលការណ៍សំខាន់ៗ ដើម្បីទប់ស្កាត់បង្ការ និងការពារនូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល មិនឱ្យមានបាតុភូត អ្វីកើតឡើងជាដាច់ខាត។
ក្នុងន័យបន្តរក្សាសុខសន្តិភាពក្រោម មគ្គទេសក៍របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រូបនេះ ក៏បានអំពាវនាវដល់សាធារណជន ទាំងក្នុង និងក្រៅប្រទេស មេត្តាកុំជឿលង់លើឧបាយកលដ៏ខ្មៅងងិតរបស់ជនអគតិ ដែលតែងតែព្យាយាមអូសទាញ ដោយប្រើរូបភាពផ្សេងៗ ក្នុងចេតនាទុច្ចរិត និងមិនចង់ឱ្យប្រទេសរបស់យើង បានសុខចម្រើន៕