ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក រយៈពេល ៦ខែថែមទៀត ដែលមានសុពលភាព ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ កញ្ញា បានឱ្យដឹងថា ក្រោយការអនុវត្តវិធានការហាមឃាត់ ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាស ជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពី វិធានការហាមឃាត់ការ នាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួង បានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជាត្រូវបាន សង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ ជាចំណីអាហារនៅប្រទេស នាំចេញ។
ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូក ដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូក នៅកម្ពុជាបន្តរងការគំរាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ទៅសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូល ជាបណ្តោះអាសន្នរយៈពេល ៦ ខែបន្ថែមទៀត ដែលមានសុពលភាព ចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លើមុខទំនិញដែលមានលេខប្រព័ន្ធសុខដុម នីយកម្ម និងនាមវលីគយ»៕