ព័ត៌មានជាតិ

ទណ្ឌិតជិត ២០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ ខេត្តកណ្ដាល ទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន

កណ្ដាល ៖ ទណ្ឌិតចំនួន ១៩៧នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

បើយោងតាមលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋាន សន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួង មហាផ្ទៃបញ្ជាក់ថា នេះជាសកម្មភានៃអនុវត្តតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការរៀបចំឱ្យ បានរៀបរយនូវការគ្រប់គ្រងជនជាប់ឃុំ។ ពោលគឺអ្នកជាប់ឃុំ ដែលមានការកាត់ទោសរួចរាល់ ត្រូវរៀបចំឱ្យពួកគាត់ ទៅកាន់មណ្ឌលអប់រំកែប្រែ ហើយទីតាំង ដែលជាកន្លែងស្ដារនីតិសម្បទាពិតប្រាកដ គឺនៅតាមមណ្ឌលអប់រំកែប្រែ។

ម្យ៉ាងទៀត ក្រៅពីការផ្ទេរទណ្ឌិតទៅកាន់មណ្ឌលអប់រំកែប្រែហើយនោះ ការផ្ទេរដែលមានចំនួនច្រើននៅថ្ងៃនេះ ក៏ដោយសារតែស្ថានភាពចង្អៀតណែននៅ តាមពន្ធនាគារផងដែរ ដែលទាមទារឱ្យមានការផ្ទេរចេញ។

ប្រភពដដែល បានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ មានចរន្តនៃការផ្ទេរអ្នកទោស ត្រូវបានធ្វើឡើងជាញឹកញាប់ នៅគ្រប់ អង្គភាពទូទាំងប្រទេសពោល គឺពីពន្ធនាគារដែលមានភាពចង្អៀតណែន ទៅកាន់កន្លែងដែលមានភាពធូរស្រាល ជាពិសេសនៅតាមមណ្ឌលអប់រំកែប្រែ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ។

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ បានគូសបញ្ជាក់ថា ដើម្បីអាចផ្ទេរ អ្នកជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយ ជាដំបូងឡើយត្រូវមានគោលការណ៍ពីក្រសួងមហាផ្ទៃ ក្នុងការអនុញ្ញាតឱ្យផ្ទេរទៅតាមបញ្ជីរឈ្មោះដែលបានស្នើទៅ បន្ទាប់មកទើបមានការរៀបចំកម្លាំង និងរថយន្តសម្រាប់ដឹកនាំជញ្ជូន ។ ជាក់ស្ដែងសម្រាប់ការដឹកជញ្ជូនផ្ទេរអ្នកទោសទាំង ១៩៧នាក់ មានការចូលរួមសហការពីកម្លាំងនៃនាយកដ្ឋានសន្តិសុខ, កម្លាំងប្រតិបត្តិនៃអគ្គនាយកដានពន្ធនាគារ, កម្លាំងពីអង្គភាពពន្ធនាគារ ជាពិសេស ក៏មានចូលរួមពីកងកម្លាំង នៃអគ្គស្នងការនគរបាលជាតិ ដែលបានចូលរួមតាមការ ស្នើរសុំនៅពេលមានការដឹកជញ្ជូនផ្ទេរ អ្នកទោស មានចំនួនច្រើនដូច្នេះ ។ ក្រៅពីនេះក៏មានកងកម្លាំងនៅតាមមូលដ្ឋាន បានចេញមកជួយសម្របសម្រួល រហូតទាល់តែកាដឹកជញ្ជូន បានទៅដល់គោលដៅ ដោយជោគជ័យ។

បើតាមប្រធាននាយកដ្ឋាន កណ្ដាលសន្តិសុខ បានឱ្យដឹងទៀតថា រាល់ការដឹកនាំជញ្ជូន នាពេលកន្លងមក ត្រូវបានយកចិត្តទុក ដាក់យ៉ាងខ្លាំងលើការរៀបចំរបៀបរៀប រយធ្វើយ៉ាងណាការ ពារសុខសុវត្ថិភាព ដល់អ្នកជាប់ឃុំ និងកម្លាំងដែលចូលរួមទាំងអស់ តាមរយៈការត្រៀបទុក ជាមុនគ្រប់ជ្រុងជ្រោយ បញ្ចៀស បាននូវហានិភ័យជាអតិបរមា ធ្វើឱ្យបេសកកម្មដឹកជញ្ជូនអ្នកជាប់ ឃុំរាល់លើក ទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន ពន្ធនាគារ មកដល់ពេលនេះមានចំនួន អ្នកជាប់ឃុំទូទាំង ប្រទេស ប្រមាណជាង៥ ម៉ឺននាក់ ដែលមាន៤៩សញ្ជាតិ ។ តាមការព្យាការណ៍តួលេខ អាចមានការកើនឡើងដល់ ៦ម៉ឺននាក់ នាពេលខាងមុខ ខណៈពន្ធនាគារមួយចំនួន កំពុងប្រឈមនឹង ភាពចង្អៀតណែនក្នុងពេលបច្ចុប្បន្ន៕

To Top