កំពង់ធំ ៖ ក្នុងឱកាសអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីដេញថ្លៃគម្រោង មូលនិធិឃុំ នៅសាលាឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក សាយ គឹមឡម បានណែនាំអជ្ញាធរមូលដ្ឋាន និងអ្នកទទួលការត្រូវសាងសង់ផ្លូវ ត្រូវធ្វើតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា និងធានានូវគុណភាព។

លោក សាយ គឹមឡម មានប្រសាសន៍ថា មេឃុំ ក្រុមប្រឹក្សាឃុំ ជំនាញបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានពិនិត្យរាល់ សកម្មភាពសាងសង់ផ្លូវនេះ ដើម្បីគុណប្រយោជន៍រួមទាំងអស់គ្នា ជាពិសេសទទួលបានផ្លូវគ្រួសក្រហមតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា និងគុណភាព ហើយប្រើប្រាស់បានយូរអង្វែង និងត្រូវសិក្សាឱ្យបានលម្អិតនូវប្រព័ន្ធលូរំដោះទឹក ជាពិសេសជាប្រព័ន្ធលូជ្រុងប្រកបដោយបទដ្ឋានបច្ចេកទេស និងនីវ៉ូត្រឹមត្រូវ។

លើសពីនេះទៀត លោកក៏បាន អំពាវនាវ បន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមចូលរួម បើកផ្លូវឱ្យបានធំទូលាយ និងធ្វើជាអ្នកតាមដាន ត្រួតពិនិត្យជាមួយនឹង អាជ្ញាធរឃុំ ក្នុងដំណើរការសាងសង់ របស់ក្រុមហ៊ុនទទួលម៉ៅការ ដើម្បីធានាបាននូវបទដ្ឋានបច្ចេកទេស កិច្ចសន្យាជាពិសេស ប្រកបដោយគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានយូរអង្វែង និងជាទ្រព្យសម្បត្តិសាធារណៈរបស់យើង។

ទន្ទឹមនឹងនេះលោក ទាវ វីរ:សមរ៉ា ម្ចាស់ក្រុមហ៊ុនទាវ វីរ:សមរ៉ា បានប្រាជ្ញាចិត្តខ្ពស់ក្នុងការ កសាងផ្លូវនេះទៅតាមបទដ្ឋានបចេ្ចកទេស កិច្ចសន្យាព្រមទាំងឱ្យបាន ទាន់ពេលវេលានិងគុណភាពខ្ពស់ផងដែរ ។

សូមបញ្ជាក់ថា គម្រោងផ្លូវដែលដាក់ឱ្យដេញថ្លៃនៅក្នុងពេលនេះ មានប្រវែង៤,៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ដីស០,៥ម៉ែត្រ គ្រួសក្រហម កម្រាស់០,១៥ម៉ែត្រ និងស្លាកគម្រោងមួយ ដែលមានតម្លៃសរុប៣៦២ ,៦៣៦ ,១៦២រៀលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤។
ដោយ សំនៀង




