ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញានេះ ចំនួនអ្នកទៅចុះឈ្មោះ បោះឆ្នោតថ្មី បានជាង១៣ម៉ឺននាក់ហើយ ខណៈតាមការប៉ាន់ស្មាន គឺមានប្រជាពលរដ្ឋ ដែលអាចមកចុះឈ្មោះ បោះឆ្នោត នៅឆ្នាំ២០២៤នេះ ចំនួនជាង២២ម៉ឺននាក់។

ការឲ្យដឹងនេះ ធ្វើឡើងក្នុងឱកាសដែល លោក អញ្ជើញចុះត្រួតពិនិត្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមការិយាល័យ ចុះឈ្មោះបោះឆ្នោត នៅសង្កាត់ឃ្មួញ នៃខណ្ឌសែនសុខ និងសង្កាត់ពន្សាំង សង្កាត់ពញាពន់ សង្កាត់សំរោង នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកបានបន្តថា សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ជិតគ្រប់ការប៉ាន់ស្មានហើយ ហើយកំណើន ចុះឈ្មោះបានឆាប់រហ័សនេះ ដោយសារប្រជាពលរដ្ឋ មានការយល់ដឹង អំពីការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត ដូចជាការផ្លាស់ប្ដូរទីលំនៅ លក្ខខណ្ឌសុំកែតម្រូវទិន្នន័យផ្សេងៗ ក៏ដូចជាការត្រូវចុះបញ្ជីបោះឆ្នោត សម្រាប់អ្នកទើបគ្រប់អាយុ និងអ្នកមិនទាន់បានចុះឈ្មោះពីមុនមក ។

លោក បញ្ជាក់ទៀតថា ដំណើរការធ្វើបច្ចុប្បន្នភាព និងការចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងពុំមានបញ្ហាអ្វីកើតឡើងនោះទេ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ មានរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២:០០ ដល់ម៉ោង៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ។

ក្នុងរយៈពេល នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ក្នុងឆ្នាំនេះ, ក្រុមប្រឹក្សាឃុំ សង្កាត់ មិនបានបិទការិយាល័យ ចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។ ប៉ុន្តែក្នុងករណីមានការប្រែប្រួល, ប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ ។

ការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០២៤ គឺអនុញ្ញាតឱ្យអ្នកមានឈ្មោះក្នុងបញ្ជីសុំកែតម្រូវទិន្នន័យក្នុងករណីមានកំហុសឆ្គង សុំផ្លាស់ប្តូរទីលំនៅ និងចុះឈ្មោះថ្មី ចំពោះអ្នកមិនទាន់ បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំ។

តាមការប៉ាន់ស្មានរបស់គ.ជ.ប គឺមានប្រជាពលរដ្ឋ ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ ចំនួន ២២៤.១៥៦នាក់ និងចំនួនអ្នកដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន៥៩.៩៦៨នាក់ គ្រាដែលបញ្ជីបោះឆ្នោតឆ្នាំ២០២៣ មានប្រជាពលរដ្ឋខ្មែរ ជាង៩លាន៨៧ម៉ឺននាក់ ស្មើនឹង៨៩,៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ។

ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ ត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះ-ឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៕


